នៅថ្ងៃអង្គារ (ទី៣ ខែមីនា ឆ្នាំ២០២៦) នេះ អ្នកនាំពាក្យយោធាមួយរូប បានប្រាប់អ្នកសារព័ត៌មានថា យោធាអ៊ីស្រាអែលបានត្រៀមខ្លួន សម្រាប់យុទ្ធនាការប្រឆាំងនឹងអ៊ីរ៉ង់ ដែលអាចមានរយៈពេលជាច្រើនសប្តាហ៍ ប៉ុន្តែទំនងជាមិនដាក់ពង្រាយកងកម្លាំងជើងគោកនោះឡើយ។
នៅក្នុងសន្និសីទសារព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណិត លោកវរសេនីយ៍ទោ Nadav Shoshani បាននិយាយថា «យើងបានរៀបចំវិសាលភាពទូទៅជាច្រើនសប្តាហ៍» ដោយបន្ថែមថា រយៈពេលនៃយុទ្ធនាការយោធា អាចមានការប្រែប្រួល អាស្រ័យលើសភាពការណ៍វិវត្តន៍។ លោកបានពិពណ៌នាអំពីការវិវត្ត រហូតមកដល់ពេលនេះថា មានភាពវិជ្ជមាន។
នៅពេលត្រូវបានសួរថា តើអ៊ីស្រាអែលអាចដាក់ពង្រាយកងកម្លាំងជើងគោកទៅកាន់អ៊ីរ៉ង់ដែរ ឬទេ លោក Shoshani បានឆ្លើយតបថា វាមិនទំនងជាមានទេ។ លោកបានបញ្ជាក់ថា៖ «ខ្ញុំមិនគិតថា ការធ្វើបែបនោះ គឺជាអ្វីដែលទំនងកើតមានខ្លាំងឡើយនៅពេលនេះ សម្រាប់កងកម្លាំងអ៊ីស្រាអែល។ មិនមានគំនិតជាក់ស្តែងនៅពេលនេះនោះទេ»។

អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានបើកការវាយប្រហារតាមអាកាស ប្រឆាំងនឹងអ៊ីរ៉ង់ ចាប់តាំងពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក ដែលបង្កឲ្យមានការសងសឹកពីអ៊ីរ៉ង់វិញ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃចន្ទថា សង្គ្រាមរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល ជាមួយអ៊ីរ៉ង់ អាចចំណាយពេល «បន្តិច» ប៉ុន្តែនឹងប្រើពេលច្រើនឆ្នាំនោះទេ៕

