ក្រសួងការពារជាតិអាហ្វហ្គានីស្ថាននិយាយ អំឡុងសន្និសីទសារព័ត៌មាននាថ្ងៃអង្គារនេះថា អាហ្វហ្គានីស្ថាននឹងមិនបណ្តោយឲ្យទឹកដីរបស់ខ្លួន ត្រូវបានប្រើប្រាស់ប្រឆាំងនឹងប្រទេសដទៃនោះឡើយ ស្របពេលអរិភាពបន្តរវាងទីក្រុងកាប៊ុល និងប្រទេសជិតខាងប៉ាគីស្ថាន ។
អ្នកនាំពាក្យរដ្ឋាភិបាលតាលីបង់និយាយថា ប៉ាគីស្ថាន បានបំពានម្តងហើយម្តងទៀតដែនអាកាសអាហ្វហ្គានីស្ថាន ហើយនិងបើកការវាយប្រហារលើជនស៊ីវិល នៅតាមខេត្តជាច្រើន រួមទំាងនៅរដ្ឋធានីកាប៊ុលផងដែរ ។
បេសកកម្មជំនួយអង្គការសហប្រជាជាតិនៅអាហ្វហ្គានីស្ថាននិយាយថា ជនស៊ីវិលយ៉ាងហោច ៤២នាក់ ត្រូវបានសម្លាប់ និងមនុស្ស ១០៤នាក់ផ្សេងទៀត រងរបួស នៅអាហ្វហ្គានីស្ថាន ក្នុងការប្រយុទ្ធគ្នាជាមួយប៉ាគីស្ថាន ចន្លោះថ្ងៃព្រហស្បតិ៍ ទី ២៦ ខែកុម្ភៈ និងថ្ងៃចន្ទ ទី ២ ខែមីនា ស្របពេលដែលជម្លោះយោធារវាងប្រទេសជិតខាងទាំង ២ ឈានចូលដល់ថ្ងៃទី ៦ ។
ភាពតានតឹងផ្នែកយោធារវាងប្រទេសជិតខាងអាស៊ីខាងត្បូងទាំង ២ នៅតែតានតឹងខ្លាំងនាថ្ងៃអង្គារនេះ ក្នុងនោះអាហ្វហ្គានីស្ថាននិយាយថា ពួកគេដណ្តើមបានប៉ុស្តិ៍មួយទៀតរបស់ប៉ាគីស្ថាន នៅតំបន់ Kandahar ហើយការប្រយុទ្ធគ្នារវាងប្រទេសសម្ព័ន្ធមិត្តប្រែក្លាយជាបច្ចាមិត្តទាំង ២នេះ នៅតែបន្ត ។

ជម្លោះដែលជាការប៉ះទង្គិចគ្នាដ៏អាក្រក់បំផុតរវាងប្រទេសទាំង ២ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ បានផ្ទុះឡើងកាលពីសប្តាហ៍មុន ក្រោយក្រុមតាលីបង់និយាយថា វាគឺជាការវាយប្រហារសងសឹកចំពោះការដំឡើងយោធារបស់ប៉ាគីស្ថាន ។ ទីក្រុងកាប៊ុល និយាយថា កងកម្លាំងប៉ាគីស្ថាន មានគោលដៅលើជនស៊ីវិលរបស់ខ្លួន គឺជាការចោទប្រកាន់មួយដែលទីក្រុងអ៊ីស្លាម៉ាបាដ ច្រានចោល ៕
