កម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិ (UN) នៅថ្ងៃអង្គារ (ទី៣ ខែមីនា ឆ្នាំ២០២៦) នេះ បានប្រាប់ឲ្យដឹងថា ច្រកឆ្លងកាត់ផ្ដល់ជំនួយដ៏សំខាន់មួយដែលត្រូវបានបិទមួយរយៈ ចូលទៅក្នុងតំបន់ហ្កាហ្សា នឹងបើកឡើងវិញក្នុងពេលឆាប់ៗនេះ។

កម្មវិធីស្បៀងអាហារពិភពលោក បានឲ្យដឹងថា ការផ្គត់ផ្គង់មនុស្សធម៌ នឹងអាចចូលតាមរយៈច្រកឆ្លងកាត់ Kerem Shalom ទៅក្នុងតំបន់ហ្កាហ្សា រវាងថ្ងៃអង្គារ និងថ្ងៃពុធ។
ដោយបាននិយាយទៅកាន់អ្នកសារព័ត៌មាន នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស តាមរយៈតំណភ្ជាប់វីដេអូពីទីក្រុងគែរ ប្រទេសអេហ្ស៊ីប លោក Samer Abdel Jaber នាយក WFP ប្រចាំតំបន់មជ្ឈិមបូព៌ា អាហ្វ្រិកខាងជើង និងអឺរ៉ុបខាងកើត បានប្រាប់ថា៖ «នោះគឺជាពេលវេលាដ៏ល្អ សម្រាប់យើង ហើយយើងត្រូវឲ្យជំនួយចូលឲ្យបានលឿនតាមដែលអាចធ្វើទៅបាន»។
ទីភ្នាក់ងាររដ្ឋាភិបាលអ៊ីស្រាអែល COGAT បានឲ្យដឹងថា ខ្លួននឹងបើកច្រកឆ្លងកាត់ Kerem Shalom ឡើងវិញ ចាប់ពីថ្ងៃអង្គារ ដើម្បីឲ្យមានការចូលបន្តិចម្តងៗនៃជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្កាហ្សា។
COGAT បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ច្រកឆ្លងកាត់ចូលទៅក្នុងតំបន់ហ្កាហ្សា ដែលមានសារៈសំខាន់សម្រាប់លំហូរជំនួយមនុស្សធម៌ និងការធ្វើដំណើរឆ្លងកាត់របស់អ្នកជំងឺដែលត្រូវការការព្យាបាល ត្រូវបានបិទ ខណៈដែលកងកម្លាំងអ៊ីស្រាអែល និងសហរដ្ឋអាមេរិកបានវាយប្រហារអ៊ីរ៉ង់៕
