យោធាអ៊ីស្រាអែល នៅថ្ងៃអង្គារ (ទី៣ ខែមីនា ឆ្នាំ២០២៦) បានឲ្យដឹងថា ខ្លួនបានធ្វើការវាយប្រហារតាមអាកាសលើការិយាល័យប្រធានាធិបតីអ៊ីរ៉ង់ និងអគារក្រុមប្រឹក្សាសន្តិសុខជាតិ នៅទីក្រុងតេអេរ៉ង់ ដែលជាផ្នែកនៃយុទ្ធនាការកំពុងបន្តមានរបស់ខ្លួនប្រឆាំងនឹងសាធារណរដ្ឋឥស្លាម។
យោធាបានបញ្ជាក់ថា៖ «កងទ័ពអាកាសអ៊ីស្រាអែល បានវាយប្រហារ និងបំផ្លាញអគារនានា នៅរង្វង់ក្នុងបរិវេណរបស់ថ្នាក់ដឹកនាំនៃរបបភេរវកម្មអ៊ីរ៉ង់ នៅចំកណ្តាលទីក្រុងតេអេរ៉ង់ពេញមួយយប់»។
យោធាបានបន្ថែមថា៖ «ក្នុងអំឡុងពេលវាយប្រហារលើបរិវេណនោះ គ្រាប់រំសេវជាច្រើនត្រូវបានទម្លាក់លើការិយាល័យប្រធានាធិបតី និងអគារក្រុមប្រឹក្សាសន្តិសុខជាតិកំពូល»។
ចំណែកកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បានព្រមាននៅថ្ងៃអង្គារនេះថា ពួកគេនឹងបើកការវាយប្រហារកាន់តែខ្លាំងឡើង លើសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ខណៈដែលភ្លើងសង្គ្រាមបានឆាបឆេះចូលដល់ថ្ងៃទី៤ ហើយ។
អ្នកនាំពាក្យឆ្មាំ លោក Ali Mohammad Naini បានប្រាប់ទូរទស្សន៍រដ្ឋថា៖ «សត្រូវត្រូវតែរង់ចាំការវាយប្រហារសងសឹកជាបន្តបន្ទាប់។ លទ្ធផលខូចខាតដ៏ធ្ងន់ធ្ងរនឹងមានកាន់តែច្រើនឡើងៗ លើសហរដ្ឋអាមេរិក និងអ៊ីស្រាអែល»៕

