រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយានៅថ្ងៃអង្គារ (ទី៣ ខែមីនា ឆ្នាំ២០២៦) នេះថា ទីក្រុងមូស្គូ នៅតែមិនបានឃើញភស្តុតាងដែលបង្ហាញថា អ៊ីរ៉ង់កំពុងអភិវឌ្ឍអាវុធនុយក្លេអ៊ែរឡើយ ខណៈដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែល កំពុងបន្តការវាយប្រហាររបស់ពួកគេលើប្រទេសនេះ។
ប្រធានាធិបតីអាមេរិក លោក Donald Trump បានផ្តល់ហេតុផលផ្សេងៗ សម្រាប់ការធ្វើសង្គ្រាម ជាមួយអ៊ីរ៉ង់។ កាលពីថ្ងៃចន្ទ នៅក្នុងការអត្ថាធិប្បាយជាសាធារណៈយ៉ាងទូលំទូលាយបំផុតរបស់លោករហូតមកដល់ពេលនេះ លោក Trump បាននិយាយថា លោកបានបញ្ជាឲ្យអនុវត្តការវាយប្រហារ ដើម្បីទប់ស្កាត់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទិករបស់ទីក្រុងតេអេរ៉ង់។
ក្នុងអំឡុងពេលមានកិច្ចពិភាក្សានៅទីក្រុងមូស្គូ លោក Lavrov បានប្រាប់រដ្ឋមន្ត្រីការបរទេសប្រ៊ុយណេថា៖ «យើងនៅតែមិនឃើញភស្តុតាងដែលបង្ហាញថា អ៊ីរ៉ង់កំពុងអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ពោលគឺជាអ្វីដែលជាហេតុផលចម្បង ប្រសិនបើមិនមែនជាហេតុផលតែមួយគត់នោះ សម្រាប់ការមាននូវសង្គ្រាមនេះ»។
លោកបាននិយាយថា ផលវិបាកនៃការវាយប្រហារលើអ៊ីរ៉ង់ កំពុងត្រូវបានធ្វើឲ្យប៉ះពាល់នៅទូទាំងតំបន់ ហើយបណ្ដាប្រទេសអារ៉ាប់កំពុងទទួលរងនូវការខាតបង់ផ្នែកសេដ្ឋកិច្ច ហើយមានអ្នកស្លាប់ និងរបួស។ លោកបានបញ្ជាក់ជាថ្មីនូវការអំពាវនាវរបស់រុស្ស៊ី ក្នុងការឲ្យបញ្ឈប់អរិភាពជាបន្ទាន់ពីគ្រប់ភាគីទាំងអស់ ដោយលោកបញ្ជាក់ថា៖ «ជាជំហានដំបូងដោយគ្មានលក្ខខណ្ឌ យើងត្រូវតែធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីបញ្ឈប់វិធានាការណាមួយដែលបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសជាជនស៊ីវិល»។
ទន្ទឹមនឹងនេះដែរ វិមានក្រឹមឡាំង បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នឹងបង្ហាញដល់អ៊ីរ៉ង់នូវក្តីបារម្ភ ក្នុងចំណោមមេដឹកនាំអារ៉ាប់ ពាក់ព័ន្ធនឹងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធប្រេង នៅក្នុងតំបន់។ វិមានក្រឹមឡាំងបានបញ្ជាក់ថា លោក Putin នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីបន្ធូរបន្ថយភាពតានតឹងនៅក្នុងតំបន់នេះ៕