ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UN) នៅថ្ងៃអង្គារ (ទី៣ ខែមីនា ឆ្នាំ២០២៦) បានជំរុញឲ្យកងកម្លាំងដែលនៅពីក្រោយការវាយប្រហារបណ្ដាលឲ្យមានអ្នកស្លាប់ច្រើន នៅសាលារៀនក្មេងស្រីមួយកន្លែង ក្នុងប្រទេសអ៊ីរ៉ង់ ស៊ើបអង្កេត និងចែករំលែកការយល់ដឹង អំពីហេតុការណ៍នេះ តែមិនបានបញ្ជាក់ថា អ្នកណាដែលខ្លួនជឿថា ជាអ្នកត្រូវទទួលខុសត្រូវនោះឡើយ។
លោកស្រី Ravina Shamdasani អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្សរបស់ UN បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវ ប្រទេស្វីសថា៖ «ឧត្តមស្នងការ (លោក Volker Turk) អំពាវនាវឲ្យមានការស៊ើបអង្កេតជាបន្ទាន់ មិនលម្អៀង និងហ្មត់ចត់ ជុំវិញស្ថានភាពនៃការវាយប្រហារនេះ។ ភារកិច្ចគឺស្ថិតនៅលើកងកម្លាំងដែលបានអនុវត្តការវាយប្រហារ ដើម្បីស៊ើបអង្កេតការធ្វើបែបនោះ»។
លោកស្រី Shamdasani បាននិយាយថា «នេះគឺពិតជាគួរឲ្យរន្ធត់ណាស់» ដោយបន្ថែមថា រូបភាពដែលមាននៅលើបណ្ដាញសង្គម បានបង្ហាញនូវ «ទិដ្ឋភាពនៃការបំផ្លិចបំផ្លាញ ភាពអស់សង្ឃឹម និងភាពគ្មានន័យ និងភាពឃោរឃៅនៃជម្លោះនេះ»។
ជាមួយគ្នានេះ លោកស្រីបានសង្កត់ធ្ងន់ថា លោក Turk ក៏បានជំរុញផងដែរឲ្យគ្រប់ភាគីទាំងអស់អនុវត្តការអត់ធ្មត់ និងវិលត្រឡប់ទៅកាន់តុចរចាវិញ។
គួរបញ្ជាក់ថា សាលារៀននៅភាគខាងត្បូងអ៊ីរ៉ង់ ត្រូវបានវាយប្រហារកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក ដែលជាថ្ងៃដំបូងនៃការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងប្រទេសនេះ ដោយតាមសេចក្ដីរាយការណ៍ បានសម្លាប់សិស្សយ៉ាងតិច ១៥០នាក់។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយកាលពីថ្ងៃចន្ទថា កងកម្លាំងសហរដ្ឋអាមេរិក «នឹងមិនកំណត់គោលដៅសាលារៀនដោយចេតនានោះទេ»។ ចំណែកអ៊ីស្រាអែលបានឲ្យដឹងថា ខ្លួនកំពុងស៊ើបអង្កេតឧប្បត្តិហេតុនេះ៕