កាតានិយាយថា អ៊ីរ៉ង់ពុំបានជូនដំណឹងពីការវាយប្រហារមីស៊ីលរបស់ខ្លួននោះឡើយ ស្របពេលដែលទីក្រុងតេអេរ៉ង់ បើកយុទ្ធនាការសងសឹកនៅទូទាំងតំបន់ឈូងសមុទ្រ បង្កឡើងដោយសារការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ ។
កាតាស្ថិតនៅក្នុងចំណោមប្រទេសចំនួន ១២ដែលអ៊ីរ៉ង់ មានគោលដៅវាយប្រហារនៅតំបន់មជ្ឈិមបូព៌ា ហើយអ្នកនាំពាក្យក្រសួងការបរទេសកាតា លោក Majed al-Ansari និយាយនៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃអង្គារនេះថា គោលដៅវាយប្រហាររបស់អ៊ីរ៉ង់មិនមែនកំណត់ត្រឹមតែទីតាំងយោធាប៉ុណ្ណោះទេ ប៉ុន្តែរួមទាំងដែនដីទាំងអស់របស់កាតា ហើយក៏គ្មានទំនាក់ទំនងជាមួយអាជ្ញាធរនៅទីក្រុងតេអេរ៉ង់ទៀតនោះដែរ ។
លោកនិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា កាតាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការវាយប្រហារមិនត្រឹមត្រូវទាំងអស់នេះ ។
លោក Al-Ansari និយាយទៀតថា យោធាកាតា បានរារាំងការវាយប្រហារលើអាកាសយានដ្ឋានអន្តរជាតិ Hamad ស្ថិតក្នុងទីក្រុង Doha ពេលដែលអ៊ីរ៉ង់បង្កើនការវាយប្រហាររបស់ខ្លួនសម្រាប់រយៈពេល ៤ថ្ងៃជាប់ៗគ្នា បន្ទាប់ពីការចាប់ផ្តើមសង្រ្គាមរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលកាលពីថ្ងៃសៅរ៍ ។
លោកថា មាននូវការប៉ុនប៉ងវាយប្រហារអាកាសយានដ្ឋានអន្តរជាតិ Hamad ហើយការប៉ុនប៉ងទាំងអស់នោះ ត្រូវបានរារាំង ។ មីស៊ីលត្រូវបានបាញ់ទម្លាក់ដោយវិធានការការពាររបស់ពួកយើង ហើយគ្មានមីស៊ីលណាមួយអាចបាញ់ទៅដល់អាកាសយានដ្ឋាននោះឡើយ ។
អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា មនុស្សជិត ៨ពាន់នាក់ បានជាប់ខ្លួននៅក្នុងប្រទេសកាតា ដោយសារការបិទដែនអាកាស បណ្តាលមកពីសង្រ្គាម ។
លោក al-Ansari បានកត់សំគាល់ឃើញថា យន្តហោះចម្បាំងអ៊ីរ៉ង់ជាច្រើនគ្រឿង ត្រូវបានបាញ់ទម្លាក់ កាលពីថ្ងៃចន្ទ ក្រោយហោះចូលដែនអាកាសកាតា បើទោះបីជាមានការព្រមានក៏ដោយ ៕

