ចំនួនអ្នកស្លាប់សរុបនៅទូទាំងតំបន់មជ្ឈិមបូព៌ា ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានវាយប្រហារអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ មក បានកើនឡើងយ៉ាងគំហុក។ ខាងក្រោមនេះជាចំនួនអ្នកស្លាប់ដែលត្រូវបានរាយការណ៍ចុងក្រោយបំផុតពីសង្គ្រាម គិតត្រឹមថ្ងៃអង្គារ ទី៣ ខែមីនា ខណៈតួលេខអាចប្រែប្រួល ដោយសារជម្លោះកំពុងបន្ត៖
- អ៊ីរ៉ង់៖ មនុស្ស ៧៨៧ នាក់បានស្លាប់ រួមទាំងក្មេងស្រីសិស្សសាលា និងបុគ្គលិកចំនួន ១៦៥ នាក់ ដែលត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយមីស៊ីល នេះបើយោងតាមក្រុមមនុស្សធម៌របស់សមាគមអឌ្ឍចន្ទក្រហមអ៊ីរ៉ង់។ គេមិនច្បាស់ទេថា តើចំនួនអ្នកស្លាប់នេះរួមបញ្ចូលទាំងអ្នកស្លាប់ និងរបួសរបស់កងឆ្មាំបដិវត្តន៍អ៊ិស្លាម ឬក៏អត់នោះឡើយ។
- អ៊ីស្រាអែល៖ ជនស៊ីវិល ១០ នាក់ត្រូវបានសម្លាប់ រួមទាំងមនុស្ស ៩ នាក់ដែលស្លាប់ក្នុងការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ ជិតក្រុងហ្សេរុយសាឡិម នៅថ្ងៃទី១ ខែមីនា នេះបើយោងតាមសេវាសង្គ្រោះបន្ទាន់របស់អ៊ីស្រាអែល។ កងកម្លាំងការពារអ៊ីស្រាអែល IDF មិនបានរាយការណ៍ពីការស្លាប់ និងរបួសយោធាណាមួយឡើយ។
- លីបង់៖ យោងតាមក្រសួងសុខាភិបាលលីបង់ មនុស្ស ៤០ នាក់បានស្លាប់ ខណៈរបាយការណ៍ដទៃ លើកពីការស្លាប់ខ្ពស់ជាងនេះ។
- បារ៉ែន៖ យោងតាមក្រសួងមហាផ្ទៃ មនុស្សម្នាក់បានស្លាប់ បន្ទាប់ពីអគ្គិភ័យបានឆាបឆេះនៅក្នុងទីក្រុងឧស្សាហកម្ម Salman របស់បារ៉ែន បន្ទាប់ពីការស្ទាក់ចាប់មីស៊ីល។
- អូម៉ង់៖ មនុស្សម្នាក់បានស្លាប់ បន្ទាប់ពីគ្រាប់ផ្លោងមួយគ្រាប់បានវាយចំនាវាដឹកប្រេង MKD VYOM ដែលដោតទង់ជាតិកោះម៉ាស្ហល់ នៅឆ្នេរម៉ាស្កាត។
- អេមីរ៉ាតអារ៉ាប់រួម៖ មនុស្ស ៣ នាក់បានស្លាប់ នេះបើយោងតាមក្រសួងការពារជាតិអារ៉ាប់រួម។
- សហរដ្ឋអាមេរិក៖ សមាជិកកងទ័ពអាមេរិកចំនួន ៦ នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារមួយលើទីតាំងមួយក្នុងប្រទេសកូវ៉ែត នេះបើយោងតាមទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក៕

