ប្រធានាធិបតីអាមេរិក លោក Donald Trump បានសម្ដែងការខឹងសម្បាយ៉ាងខ្លាំងជាមួយអេស្ប៉ាញ ដោយលោកបានគំរាមដាក់ទណ្ឌកម្មពាណិជ្ជកម្មទាំងស្រុងរបស់សហរដ្ឋអាមេរិក លើទីក្រុងម៉ាឌ្រីដ កាលពីថ្ងៃអង្គារ (៣ មីនា) បន្ទាប់ពីប្រទេសដែលជាសម្ព័ន្ធមិត្តអឺរ៉ុប និងជាសមាជិកអង្គការណាតូមួយនេះ បានបដិសេធមិនអនុញ្ញាតឱ្យយោធាសហរដ្ឋអាមេរិក ប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួន សម្រាប់បេសកកម្មដែលទាក់ទងនឹងការវាយប្រហារលើអ៊ីរ៉ង់។

លោក Trump បានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងជំនួបជាមួយលោកអធិការបតីអាល្លឺម៉ង់ Friedrich Merz ថា «អេស្ប៉ាញពិតជាអាក្រក់ណាស់» ហើយថា លោកបានប្រាប់រដ្ឋមន្ត្រីក្រសួងរតនាគារ លោក Scott Bessent ឱ្យ «កាត់ផ្ដាច់ការជួញដូរទាំងអស់» ជាមួយអេស្ប៉ាញ។ លោកបានលើកឡើងដដែលទៀតថា «អាមេរិកនឹងកាត់ផ្ដាច់ចំណងពាណិជ្ជកម្មទាំងអស់ជាមួយអេស្ប៉ាញ។ អាមេរិកមិនចង់មានអ្វីពាក់ព័ន្ធនឹងអេស្ប៉ាញឡើយ»។
គួរឱ្យដឹងថា សហរដ្ឋអាមេរិក បានផ្លាស់ប្តូរទីតាំងយន្តហោះចំនួន ១៥គ្រឿង រួមទាំងយន្តហោះដឹកប្រេងឥន្ធនៈ ចេញពីមូលដ្ឋានទ័ព Rota និង Moron នៅភាគខាងត្បូងអេស្ប៉ាញ បន្ទាប់ពីថ្នាក់ដឹកនាំសង្គមនិយមរបស់ប្រទេសនេះ បាននិយាយថា ខ្លួននឹងមិនអនុញ្ញាតឱ្យយោធាអាមេរិក ប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនដើម្បីវាយប្រហារអ៊ីរ៉ង់នោះទេ។
លោក Trump បានលើកឡើងម្តងទៀតអំពីការបដិសេធរបស់អេស្ប៉ាញ ជុំវិញការអំពាវនាវរបស់សហរដ្ឋអាមេរិក ដែលចង់ឱ្យសមាជិកណាតូទាំងអស់ចំណាយ ៥% នៃផលិតផលក្នុងស្រុកសរុប GDP របស់ពួកគេលើវិស័យការការពារជាតិ ហើយបានបន្ថែមថា «អេស្ប៉ាញពុំមានអ្វីដែលអាមេរិកត្រូវការទាល់តែសោះ»។ ប្រធានាធិបតីអាមេរិករូបនេះបានសង្កត់ធ្ងន់ជាថ្មីម្ដងទៀតថា «លោកមានសិទ្ធិបញ្ឈប់អាជីវកម្មទាំងអស់ដែលមានជាប់ទាក់ទងនឹងអេស្ប៉ាញ។ មិនថាការហាមឃាត់ ឬអ្វីក៏ដោយដែលលោកចង់ធ្វើ គឺអាចធ្វើបែបនោះបានទាំងអស់ជាមួយអេស្ប៉ាញ»៕

