ឧស្សាហកម្មអាកាសចរណ៍ និងទេសចរណ៍កំពុងប្រឹងប្រែងដោះស្រាយផលវិបាកពីសង្គ្រាមផ្លូវអាកាសកាន់តែខ្លាំងឡើងរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ ខណៈរដ្ឋាភិបាលនានាបានប្រញាប់ប្រញាល់នាំអ្នកដំណើររាប់ម៉ឺននាក់ដែលជាប់គាំង ពីមជ្ឈិមបូព៌ាត្រឡប់ទៅប្រទេសពួកគេវិញ បន្ទាប់ពីការលុបចោលជើងហោះហើរជាង ២០.០០០ជើង ក្នុងរយៈពេលត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។

ខណៈដែលភាពតានតឹងនៅមជ្ឈិមបូព៌ា នៅតែក្ដៅគគុក មនុស្សរាប់ម៉ឺននាក់កំពុងជាប់គាំងនៅទូទាំងឈូងសមុទ្រ ដោយមានជម្រើសតិចតួចណាស់សម្រាប់ការចាកចេញពីតំបន់ដែលស្រាប់តែត្រូវបានហ៊ុមព័ទ្ធដោយសង្គ្រាមភ្លាមៗ។
មជ្ឈមណ្ឌលសំខាន់ៗនៅឈូងសមុទ្រពែរ្ស រួមទាំងទីក្រុងឌុយបៃ ដែលជាអាកាសយានដ្ឋានអន្តរជាតិដ៏មមាញឹកបំផុតរបស់ពិភពលោក នៅតែបន្តបិទដំណើរការ ឬរឹតត្បិតយ៉ាងធ្ងន់ធ្ងរសម្រាប់ថ្ងៃទី៤ នៅថ្ងៃអង្គារ ទី៣ ខែមីនា ដែលធ្វើឱ្យអ្នកដំណើររាប់សែននាក់ជាប់គាំង។ យោងតាមគេហទំព័រតាមដានជើងហោះហើរ Flightradar24 ជើងហោះហើរប្រហែល ២១.៣០០ជើង ត្រូវបានលុបចោល នៅអាកាសយានដ្ឋានធំៗចំនួន៧ រួមទាំងទីក្រុងឌុយបៃ ទីក្រុងដូហា និងទីក្រុងអាប៊ូដាប៊ី ចាប់តាំងពីប្រតិបត្តិការយោធាបានចាប់ផ្តើម។
ក្រុមហ៊ុនអាកាសចរណ៍នៅតំបន់ឈូងសមុទ្រដូចជា Emirates ក្រុមហ៊ុន flydubai និង Etihad បានកំណត់ចំនួនជើងហោះហើរ ចាប់តាំងពីថ្ងៃចន្ទសប្ដាហ៍នេះមក ដែលភាគច្រើនដើម្បីដឹកអ្នកដំណើរដែលជាប់គាំង ត្រឡប់ទៅប្រទេសកំណើតវិញ។ ទន្ទឹមនឹងនេះ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានជំរុញឱ្យជនជាតិអាមេរិកទាំងអស់ចាកចេញពីជាង ១០ប្រទេស នៅក្នុងតំបន់ ខណៈប្រជាជាតិដទៃទៀតបានប្រញាប់រៀបចំជើងហោះហើរធ្វើមាតុភូមិនិវត្តន៍សម្រាប់ពលរដ្ឋរបស់ពួកគេ៕

