សារព័ត៌មានរដ្ឋ Tasnimរបស់អ៊ីរ៉ង់ បានរាយការណ៍ថា កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាម (PMIRGC)បាននិយាយកាលពីថ្ងៃអង្គារ៣មីនាសប្ដាហ៍នេះ ថា បុគ្គលិកយោធាអាមេរិកជាង ៦៥០នាក់ត្រូវបានសម្លាប់ ឬរងរបួសក្នុងអំឡុងពេលពីរថ្ងៃដំបូងនៃប្រតិបត្តិការសងសឹកមានឈ្មោះថា True Promise-4 របស់អ៊ីរ៉ង់ ខណៈកងកម្លាំងអ៊ីរ៉ង់បានវាយប្រហារមូលដ្ឋានទ័ព និងនាវាចម្បាំងអាមេរិកនៅទូទាំងតំបន់ ។

យោងតាមអ្នកនាំពាក្យកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាម លោកឧត្តមសេនីយ៍ឯក Ali Mohammad Naeini ការវាយប្រហារទាំងនោះ ដែលរួមមានការវាយប្រហារដោយមីស៊ីល និងយានដ្រូន លើមូលដ្ឋានទ័ពជើងទឹកអាមេរិក និងទីស្នាក់ការកណ្តាលយោធានៅបារ៉ែន បានបង្ខំឱ្យនាវាផ្ទុកយន្តហោះ USS Abraham Lincoln ដកថយពីដែនទឹកឆ្នេរសមុទ្រអ៊ីរ៉ង់។ អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់បានបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់មូលដ្ឋានទ័ពអាមេរិកនៅក្នុងតំបន់ឈូងសមុទ្រពែក្ស។
លោក Naeini បានលើកឡើងថា ក្នុងរយៈពេលពីរថ្ងៃដំបូងនៃសង្គ្រាម បុគ្គលិកយោធាអាមេរិកចំនួន ៦៥០នាក់ត្រូវបានសម្លាប់ ឬរងរបួស។
លោកបានទទួលស្គាល់ថា វា ជារឿងធម្មតាទេសម្រាប់ជនជាតិអាមេរិកក្នុងការបដិសេធ ឬលាក់បាំងការបាត់បង់ទាំងនេះ ប៉ុន្តែបានកត់សម្គាល់ថា របាយការណ៍ចារកម្មសម្ងាត់ និងការប្រយុទ្ធរបស់អ៊ីរ៉ង់បញ្ជាក់ពីតួលេខទាំងនេះ។
ចំណែកប្រភពពីអាមេរិកវិញ ចំនួនកងទ័ពអាមេរិកដែលបានស្លាប់ បានឡើងដល់៦នាក់ ខណៈលោក Trump និយាយថា យុទ្ធនាការបំបាក់សមត្ថភាពយោធាអ៊ីរ៉ង់អាចបន្តដល់៥សប្ដាហ៍៕


