រដ្ឋមន្ត្រីក្រសួងការពារជាតិប៉ូឡូញ លោក Wladyslaw Kosiniak-Kamysz បាននិយាយកាលពីថ្ងៃអង្គារ (៣ មីនា) ថា ជម្លោះដ៏អូសបន្លាយនៅមជ្ឈិមបូព៌ា អាចរំខានដល់ការដឹកជញ្ជូនប្រព័ន្ធការពារដែនអាកាសដែលផលិតនៅសហរដ្ឋអាមេរិក និងការផ្គត់ផ្គង់អាវុធផ្សេងទៀតទៅកាន់បណ្ដាប្រទេសនៅអឺរ៉ុប រួមទាំងអ៊ុយក្រែនផងដែរ។

លោកបានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ «ប្រសិនបើជម្លោះនេះអូសបន្លាយលើសពី ៣ទៅ៤ សប្តាហ៍ ដូចដែលលោកប្រធានាធិបតី Trump បានលើកឡើងកាលពីថ្ងៃចន្ទ នោះហានិភ័យមួយចំនួននឹងកើតឡើងសម្រាប់ការផ្គត់ផ្គង់យុទ្ធោបករណ៍ដល់ប៉ូឡូញ ទៅកាន់អឺរ៉ុប និងជាពិសេសទៅកាន់អ៊ុយក្រែន»។ លោកបន្ថែមថា នឹងមាន «ហានិភ័យដល់ការផ្គត់ផ្គង់» ប្រសិនបើមីស៊ីលការពារដែនអាកាសបន្តប្រើប្រាស់ក្នុងអត្រាបច្ចុប្បន្ន។
វិមានក្រឹមឡាំង បាននិយាយកាលពីថ្ងៃអង្គារថា រហូតមកដល់ពេលនេះ មិនមានការចង្អុលបង្ហាញណាមួយដែលបង្ហាញថា ការចូលរួមរបស់សហរដ្ឋអាមេរិកនៅក្នុងជម្លោះមជ្ឈិមបូព៌ា នឹងប៉ះពាល់ដល់ល្បឿននៃការចរចាសន្តិភាពលើអ៊ុយក្រែននោះទេ ប៉ុន្តែបានបន្ថែមថា «ចាំមើលជាក់ស្ដែង» ដោយសារទីក្រុងវ៉ាស៊ីនតោន កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះស្ថានការណ៍នោះ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា៖ ច្បាស់ណាស់ថា សហរដ្ឋអាមេរិកមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើនៅមជ្ឈិមបូព៌ា ហើយប្រហែលជាពិបាកក្នុងការពិភាក្សាអំពីលទ្ធភាពនៃកិច្ចប្រជុំបន្ទាប់ជាមួយគណៈប្រតិភូអ៊ុយក្រែន និងសហរដ្ឋអាមេរិក នៅទីក្រុងអាប៊ូដាប៊ី៕

