ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានស្វាគមន៍អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ទៅកាន់សេតវិមានកាលពីថ្ងៃអង្គារ ទី៣ ខែមីនា ដោយលោកបានអរគុណដល់មេដឹកនាំអាល្លឺម៉ង់ ចំពោះការគាំទ្ររបស់លោកសម្រាប់សង្គ្រាមអាមេរិក-អ៊ីស្រាអែល ដែលកំពុងរាលដាលប្រឆាំងនឹងអ៊ីរ៉ង់ ខណៈក៏បានប៉ះទង្គិចលើវិស័យពាណិជ្ជកម្ម និងសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ផងដែរ។

លោក Trump បានថ្លែងនៅការិយាល័យពងក្រពើ (Oval Office) ជាមួយលោក Merz ដោយបានប្រាប់អ្នកសារព័ត៌មានថា អាល្លឺម៉ង់បានជួយដោយអនុញ្ញាតឱ្យកងកម្លាំងសហរដ្ឋអាមេរិកចូលទៅកាន់មូលដ្ឋានមួយចំនួន ដែលបានបង្ហាញពីភាពផ្ទុយគ្នាយ៉ាងខ្លាំងទៅនឹងសកម្មភាពរបស់ប្រទេសអឺរ៉ុបចំនួនពីរផ្សេងទៀត មានចក្រភពអង់គ្លេស និងប្រទេសអេស្ប៉ាញ។

លោក Merz បានប្រាប់លោក Trump ថា អាល្លឺម៉ង់ និងសហរដ្ឋអាមេរិក មានបំណងរួមគ្នាចង់កម្ចាត់របបបច្ចុប្បន្នរបស់អ៊ីរ៉ង់និងបាននិយាយថា ទីក្រុងប៊ែរឡាំង ចង់ឃើញការបញ្ចប់សង្គ្រាមយ៉ាងឆាប់រហ័ស។ ក្រោយមក លោកបានដាក់ការសង្ស័យថាតើការវាយប្រហារយោធារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលនឹងបង្កឱ្យមានការផ្លាស់ប្តូរនយោបាយនៅក្នុងប្រទេសអ៊ីរ៉ង់ដែរឬទេ ដោយនិយាយថា ផែនការនេះបានបង្កហានិភ័យមួយចំនួន។
លោក Merz បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីជួបជាមួយលោក Trump ថា «ផែនការនេះពុំមែនគ្មានហានិភ័យនោះទេ ហើយយើងក៏ត្រូវមានផលវិបាកផងដែរ»។ សង្គ្រាមនៅអ៊ីរ៉ង់គឺមានភាពរសើបខាងនយោបាយសម្រាប់លោក Merz ដែលប្រឈមទៅនឹងប្រតិកម្មអាចកើតមាននៅក្នុងស្រុក ជុំវិញការគាំទ្ររបស់អាល្លឺម៉ង់ចំពោះប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់។ ទាំងអ៊ីស្រាអែល និងសហរដ្ឋអាមេរិក មិនបានស្នើសុំឱ្យអាល្លឺម៉ង់ឲ្យចូលរួមដោយផ្ទាល់នៅក្នុងជម្លោះនេះទេ លោក Merz បាននិយាយថា លោកបានពន្យល់ទៅកាន់លោក Trump ថាសកម្មភាពបែបនេះនឹងតម្រូវឱ្យមានការព្រមព្រៀងជាផ្លូវការពីសភាអាល្លឺម៉ង់។