លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃអង្គារ ទី៣ ខែមីនា ថា កងទ័ពជើងទឹកសហរដ្ឋអាមេរិក អាចចាប់ផ្តើមអមការពារនាវាដឹកប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz ប្រសិនបើចាំបាច់ ហើយលោកបានចេញបញ្ជាឱ្យសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិក ផ្តល់ការធានារ៉ាប់រងហានិភ័យផ្នែកនយោបាយ និងការធានាហិរញ្ញវត្ថុសម្រាប់ការធ្វើពាណិជ្ជកម្មតាមសមុទ្រនៅឈូងសមុទ្រ។

ការប្រកាសនេះ បង្ហាញពីជំហានដ៏ខ្លាំងក្លាបំផុតមួយរបស់រដ្ឋបាលដើម្បីទប់ស្កាត់ការកើនឡើងតម្លៃថាមពល និងធ្វើឱ្យទីផ្សារប្រេងស្ងប់ស្ងាត់ ក្នុងពេលមានជម្លោះកាន់តែខ្លាំងឡើងនៅមជ្ឈិមបូព៌ា ដែលបានបង្កើនហានិភ័យដល់ការដឹកជញ្ជូនតាមផ្លូវទឹកសំខាន់ៗ។ តម្លៃប្រេងឆៅសកល កើនឡើងយ៉ាងខ្លាំងចាប់តាំងពីកងកម្លាំងអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានចាប់ផ្តើមវាយប្រហារអ៊ីរ៉ង់កាលពីចុងសប្តាហ៍កន្លងទៅ ដែលនាំឱ្យមានការប្រយុទ្ធគ្នាធ្វើឲ្យរំខានដល់ការដឹកជញ្ជូនរបស់នាវាដឹកប្រេងនៅមជ្ឈិមបូព៌ា។ ទោះជាយ៉ាងណា ម្ចាស់នាវា និងអ្នកវិភាគ មិនប្រាកដថាការអមការពារដោយយោធា និងការគាំទ្រផ្នែគធានារ៉ាប់រងដោយសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិ នឹងគ្រប់គ្រាន់ដើម្បីបញ្ឈប់ការកើនឡើងតម្លៃប្រេង ឬយ៉ាងណានោះទេ។

សាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិ ដែលបានចាប់ផ្តើមនៅឆ្នាំ២០១៩ គឺជាទីភ្នាក់ងាររដ្ឋាភិបាលមានដៃគូជាមួយវិនិយោគិនឯកជនដើម្បីគាំទ្រគម្រោងនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ លោក Trump បានធ្វើឱ្យតម្លៃប្រេងឥន្ធនៈធ្លាក់ចុះសម្រាប់ពលរដ្ឋអាមេរិក ដែលមានសារៈសំខាន់ចំពោះសារសេដ្ឋកិច្ចរបស់លោក ហើយចំណាត់ការនេះបង្ហាញពីឆន្ទៈក្នុងការប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុ និងយោធាដើម្បីការពារការរំខានដល់ការផ្គត់ផ្គង់ប្រេងឆៅសកល។ លោក Trump បាននិយាយនៅក្នុងសារមួយនៅលើបណ្តាញផ្សព្វផ្សាយសង្គមថា «មិនថាមានរឿងអ្វីក៏ដោយ សហរដ្ឋអាមេរិកនឹងធានាបាននូវលំហូរថាមពលដោយសេរីទៅកាន់ពិភពលោក»