ប្រធានាធិបតីប្រទេសទួរគី លោក Recep Tayyip Erdogan បាននិយាយកាលពីថ្ងៃអង្គារ ទី៣ ខែមីនា ថា ប្រទេសទួរគី កំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីបញ្ចប់ជម្លោះដែលកំពុងរាលដាលនៅមជ្ឈិមបូព៌ា បង្កឡើងដោយការវាយប្រហាររបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិកទៅលើប្រទេសអ៊ីរ៉ង់។

លោកបាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា «ការវាយប្រហារលើអ៊ីរ៉ង់ និងការវាយប្រហារដោយមីស៊ីលនិងយានដ្រូនដោយអ៊ីរ៉ង់ ទៅលើប្រទេសជិតខាងឈូងសមុទ្របានជំរុញឱ្យមានអស្ថិរភាព»។ លោកបាននិយាយបន្ថែមថា «តាមរយៈផ្នែកការទូតដែលផ្តោតសំខាន់លើសន្តិភាព យើងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីដោះស្រាយបញ្ហានៅលើតុចរចា»។

ប្រភពព័ត៌មានពីក្រសួងបាននិយាយថា រដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan បានជួបជាមួយលោក Tom Barrack បេសកជនប្រចាំប្រទេសស៊ីរីរបស់ទីក្រុងវ៉ាស៊ីនតោន។ លោកបានជួបពិភាក្សាជាមួយសមភាគីអង់គ្លេស លោកស្រី Yvette Cooper ដើម្បីពិភាក្សាអំពី «បរិយាកាសសន្តិសុខបច្ចុប្បន្ននៅក្នុងតំបន់» ដោយវាយតម្លៃលម្អិតអំពី«កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដែលអាចត្រូវបានអនុវត្តដើម្បីបញ្ចប់អរិភាព និងបង្កើតស្ថិរភាព»។ លោក Hakan Fidan ក៏បានពិភាក្សាអំពីការវិវឌ្ឍក្នុងតំបន់ជាមួយនាយករដ្ឋមន្ត្រីកាតា លោក Sheikh Mohammed bin Abdulrahman Al Thani ជាមួយសមភាគីប្រទេសក្រិកលោក Giorgos Gerapetritis និងជួបជាមួយលោក Nechirvan Barzani មេដឹកនាំតំបន់ស្វយ័តជនជាតិឃឺតរបស់ប្រទេសអ៊ីរ៉ាក់។