ប្រភពដែលដឹងរឿងនេះបានប្រាប់សារព័ត៌មានរ៉យទ័រថា រដ្ឋបាលអាមេរិក កំពុងកសាងសំណុំរឿងផ្លូវច្បាប់ដោយស្ងាត់ៗ ប្រឆាំងនឹងប្រធានាធិបតីបណ្តោះអាសន្នវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez រួមទាំងការរៀបចំសេចក្តីព្រាងចោទប្រកាន់ផ្នែកព្រហ្មទណ្ឌផងដែរ។

ប្រភពដដែលបានឱ្យដឹងថា រដ្ឋអាជ្ញាសហព័ន្ធបានចងក្រងនូវលទ្ធភាពនៃការចោទប្រកាន់ពីបទពុករលួយ និងការសម្អាតប្រាក់កខ្វក់ ហើយបានជូនដំណឹងដល់លោកស្រី Rodriguez ថា លោកស្រីស្ថិតក្នុងហានិភ័យនៃការកាត់ទោស លុះត្រាតែលោកស្រីបន្តអនុវត្តតាមការទាមទាររបស់លោកប្រធានាធិបតី Donald Trump បន្ទាប់ពីអាមេរិក បានទម្លាក់អតីតមេដឹកនាំវ៉េណេស៊ុយអេឡា លោក Nicolas Maduro ក្នុងប្រតិបត្តិការចាប់ខ្លួន កាលពីខែមករា។

ប្រភពបន្តថា ការិយាល័យយុត្តិធម៌អាមេរិកប្រចាំទីក្រុងម៉ៃអាមី កំពុងរៀបចំសេចក្តីព្រាងទាំងនោះ ខណៈឯកសារត្រូវបានកែសម្រួលជាបន្តបន្ទាប់ ក្នុងរយៈពេលពីរខែចុងក្រោយនេះ។ ការស៊ើបអង្កេតផ្តោតលើការចោទប្រកាន់ថា លោកស្រី Rodriguez ជាប់ពាក់ព័ន្ធក្នុងការលាងសម្អាតប្រាក់ ចេញពីក្រុមហ៊ុនប្រេងរដ្ឋវ៉េណេស៊ុយអេឡា PDVSA និងគ្របដណ្តប់លើសកម្មភាពចន្លោះឆ្នាំ២០២១ ដល់ឆ្នាំ២០២៥។
បន្ទាប់ពីមានរបាយការណ៍នេះ អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Todd Blanche ហាក់ច្រានចោលនៅលើបណ្តាញសង្គម X ថា នេះជា «ព័ត៌មានក្លែងក្លាយ»។ ការគំរាមកំហែងដែលលោកស្រី Rodriguez កំពុងប្រឈម កើតមានត្រឹមតែពីរខែប៉ុណ្ណោះបន្ទាប់ពីឡើងកាន់អំណាច ក្រោយប្រតិបត្តិការវាយឆ្មក់យ៉ាងរហ័សរបស់កងកម្លាំងពិសេសអាមេរិក កាលពីដើមខែមករាកន្លងទៅ៕