មន្ត្រីអង្គការសហប្រជាជាតិម្នាក់ បាននិយាយកាលពីថ្ងៃអង្គារថា កុមាររាប់ម៉ឺននាក់ទៀត ប្រឈមនឹងកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នៅឆ្នាំនេះ ស្របពេលមានវិបត្តិអត់ឃ្លានកាន់តែធ្ងន់ធ្ងរឡើង ដោយសារការកាត់បន្ថយជំនួយបរទេស និងអំពើហិង្សា នៅតាមព្រំដែនជាមួយប្រទេសប៉ាគីស្ថាន។

ជំនួយអន្តរជាតិដល់ប្រទេសអាហ្វហ្គានីស្ថាន បានធ្លាក់ចុះយ៉ាងខ្លាំង ចាប់តាំងពីឆ្នាំ ២០២១ នៅពេលដែលកងកម្លាំងដឹកនាំដោយសហរដ្ឋអាមេរិក បានចាកចេញពីប្រទេសនេះ ហើយក្រុមតាលីបង់ បានគ្រប់គ្រង អំណាចឡើងវិញ។ វិបត្តិនេះ ត្រូវបានធ្វើឲ្យកាន់តែធ្ងន់ធ្ងរឡើង ដោយគ្រោះមហន្តរាយធម្មជាតិ រួមទាំងការរញ្ជួយដីផងដែរ។

លោក John Aylieff នាយកប្រចាំប្រទេសនៃកម្មវិធីស្បៀងអាហារពិភពលោក បានប្រាប់សន្និសីទសារព័ត៌មាន នៅទីក្រុងហ្សឺណែវថា៖«កង្វះអាហារូបត្ថម្ភដ៏ស្រួចស្រាវក្នុងចំណោមកុមារ កំពុងកើនឡើង។ កាលពីឆ្នាំមុន យើងបានឃើញការកើនឡើងខ្ពស់បំផុតមិនធ្លាប់មាន នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ហើយនៅឆ្នាំនេះ កុមារចំនួន ៣,៧ លាននាក់ នឹងត្រូវការការព្យាបាលជំងឺកង្វះអាហារូបត្ថម្ភ»។
លោកបានបន្ថែមថា កុមារប្រហែល ២០០.០០០នាក់ បន្ថែមទៀត ប្រឈមនឹងកង្វះអាហារូបត្ថម្ភដ៏ស្រួចស្រាវ នៅឆ្នាំនេះ៕