ព្រឹទ្ធសភាសហរដ្ឋអាមេរិក កំពុងឆ្ពោះទៅរកការបោះឆ្នោតដំបូងមួយនាថ្ងៃពុធ ទី៤ ខែមីនា នេះ (ពេលវេលានៅទីក្រុងវ៉ាស៊ីនតោន) លើការសម្រេចចិត្តរបស់លោកប្រធានាធិបតី Donald Trump ក្នុងការចាប់ផ្តើមធ្វើសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ ដែលនេះគឺជាការសាកល្បងដ៏មិនធម្មតាមួយនៅក្នុងសភា ចំពោះជម្លោះដែលបានរីករាលដាលយ៉ាងឆាប់រហ័សពាសពេញមជ្ឈិមបូព៌ា ដោយគ្មានយុទ្ធសាស្ត្រដកខ្លួនចេញច្បាស់លាស់ពីសំណាក់សហរដ្ឋអាមេរិក។

ច្បាប់នេះ ដែលត្រូវបានគេស្គាល់ថាជា «សេចក្តីសម្រេចស្តីពីអំណាចសង្គ្រាម» ផ្តល់ឱកាសឱ្យសមាជិកសភាទាមទារឱ្យមានការយល់ព្រមពីសភាជាមុនសិន មុននឹងការវាយប្រហារបន្ថែមទៀតណាមួយត្រូវបានអនុវត្ត។ សេចក្តីព្រាងច្បាប់របស់ព្រឹទ្ធសភា និងសេចក្តីព្រាងច្បាប់ស្រដៀងគ្នាមួយទៀត ដែលត្រៀមយកទៅបោះឆ្នោតនៅចុងសប្តាហ៍នេះ ប្រឈមនឹងផ្លូវដ៏លំបាកក្នុងការឆ្លងផុតសភា ដែលគ្រប់គ្រងដោយបក្សសាធារណរដ្ឋរបស់លោក Trump ហើយស្ទើរតែប្រាកដណាស់ថា នឹងត្រូវវេតូដោយលោក Trump ផ្ទាល់ ទោះបីជាត្រូវបានអនុម័តពីសភាក៏ដោយ។
ទោះជាយ៉ាងណាក៏ដោយ ការបោះឆ្នោតនេះបានកត់សម្គាល់នូវគ្រាដ៏សំខាន់សម្រាប់សមាជិកសភា។ ការសម្រេចចិត្តរបស់សមាជិកសភាអាមេរិក លើសង្គ្រាមរយៈពេល ៥ថ្ងៃគិតត្រឹមថ្ងៃពុធនេះ ដែលលោក Trump បានចូលរួមដោយគ្មានការយល់ព្រមពីសភា អាចកំណត់ជោគវាសនារបស់សមាជិកយោធាអាមេរិក ជីវិតមនុស្សរាប់មិនអស់ផ្សេងទៀត និងអនាគតនៃតំបន់មជ្ឈិមបូព៌ាទាំងមូល។

មេដឹកនាំសំឡេងភាគតិចនៃព្រឹទ្ធសភាមកពីបក្សប្រជាធិបតេយ្យ លោក Chuck Schumer បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារថា៖ «សង្គ្រាមដែលគ្មានគោលដៅច្បាស់លាស់ មិនអាចរក្សាទ្រង់ទ្រាយតូចបានឡើយ។ ជម្លោះនឹងកាន់តែរីកធំឡើង បង្ហូរឈាមកាន់តែច្រើន អូសបន្លាយកាន់តែយូរ និងចំណាយកាន់តែខ្ពស់។ នេះមិនមែនជាសង្គ្រាមដែលចាំបាច់នោះទេ ប៉ុន្តែគឺជាសង្គ្រាមដែលកើតចេញពីការជ្រើសរើស»៕
