រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ថ្លែងថា បន្ទាប់ពីការផ្ទុះឡើងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា កម្ពុជាមិនទាន់មានសញ្ញាណណាមួយ បង្ហាញពីផលប៉ះពាល់កង្វះប្រេងឥន្ធនៈនៅឡើយ ខណៈការផ្គត់ផ្គង់ប្រេងឥន្ធនៈនៅកម្ពុជា ភាគច្រើនជាក្រុមហ៊ុនបរទេសធំៗ ដែលបាន បន្តនាំប្រេងចូលប្រេងមកទីផ្សារកម្ពុជា។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឡើងនៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ក្រោមមូលបទ «ការ ផ្លាស់ប្តូរអាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តន៍ឧស្សាហកម្ម» នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ នេះថា ជុំវិញសង្គ្រាមនៅ តំបន់មជ្ឈិមបូព៌ា បាននិងកំពុងធ្វើឱ្យប៉ះពាល់ពិភពលោក ក្នុងនោះសម្រាប់ជំហានដំបូង គឺការប៉ះពាល់ការផ្គត់ផ្គង់ឧស្ម័ន និងប្រេង ឥន្ធនៈ ខណៈដែលការចរាចរប្រេងឥន្ធនៈក្នុងពេលបច្ចុប្បន្ននេះ មានប្រមាណជាង ២០ ភាគរយ ដែលបានឆ្លងកាត់តំបន់មជ្ឈិមបូព៌ា។ ជុំវិញសង្គ្រាមនេះ ប្រទេសអឺរ៉ង់បាននិងកំពុងគំរាមគំហែង នឹងបាញ់កប៉ាលដឹកប្រេងឥន្ធនៈណា ដែលឆ្លងកាត់ក្នុងតំបន់នោះ ដែល បញ្ហានេះវាបានប៉ះពាល់ភ្លាមៗ ទៅលើកាតផ្គត់ផ្គង់ប្រេងឥន្ធនៈនៅលើពិភពលោកទាំងមូល។
ឯកឧត្តមរដ្ឋមន្រ្តី បន្តថា បញ្ហាខាងលើនេះកម្ពុជា ក៏ដូចប្រទេសក្នុងតំបន់ និងពិភពលោកផងដែរ គឺមានផលប៉ះពាល់ដូចគ្នា ជាពិសេសថ្លៃប្រេង និងឧស្ម័នជាដើម ខណៈបច្ចុប្បន្នថ្លៃប្រេងលើពិភពលោកបានហក់ឡើងជាង ៣០ ភាគរយរួចហើយ។ ចំណែក ចំពោះប្រទេសកម្ពុជា ក្នុងពេលបច្ចុប្បន្ននេះ កម្ពុជាពុំទាន់មានសញ្ញាណណាមួយ បង្ហាញអំពីផលប៉ះពាល់បន្ទាន់ភ្លាមនោះឡើយ ខណៈការផ្គត់ផ្គង់ប្រេងនៅតែបន្ត ដោយមិនមានការរអាក់រអួលឡើយ។ ឯកឧត្តមបន្ថែមថា បញ្ហាតម្លៃប្រេងនេះវានឹងមានការប្រែប្រួល នៅពេលប្រេងឥន្ធនៈថ្មីចូលមកដល់។ តែទោះបីយ៉ាងណាឃើញថា ពិភពលោកសុំឱ្យភាគីជម្លោះ ងាកទៅរកតុចរចារ ដើម្បីចៀសវាង អំពីផលប៉ះពាល់នេះ។
ឯកឧត្តម កែវ រតនៈ លើកឡើងបន្ថែមថា ចំពោះបញ្ហាប្រេងឥន្ធនៈនេះ ក្រសួងរ៉ែ និងថាមពល និងក្រសួងពាណិជ្ជកម្ម ក៏បានរាយការណ៍ជូនសម្តេចធិបតីរួចរាល់ ហើយបច្ចុប្បន្នក្រសួងពាក់ព័ន្ធបាននិងកំពុងបន្តតាមដានផងដែរ។ ក្រៅពីនេះក្រសួងរ៉ែ និង ថាមពល ក៏បាននិងកំពុងធ្វើការជាមួយតំណាងក្រុមហ៊ុនចែកចាយប្រេង ដោយឱ្យរៀបចំផែនការឱ្យបានច្បាស់លាស់ ជាពិសេសបណ្តា ក្រុមហ៊ុនទាំងអស់ត្រូវស្តុកប្រេងឱ្យបានពេញលេញ និងនាំចូលបន្ថែមទៅតាមតម្រូវការ៕ អត្ថបទ៖ សុន រ៉ាឌី