ប្រភពជាច្រើនបានប្រាប់សារព័ត៌មានរ៉យទ័រថា រដ្ឋបាលលោកប្រធានាធិបតី Donald Trump មានគម្រោងជួបជាមួយបណ្ដានាយកប្រតិបត្តិមកពីក្រុមហ៊ុនម៉ៅការការពារជាតិធំជាងគេរបស់សហរដ្ឋអាមេរិក នៅសេតវិមាន នៅថ្ងៃសុក្រ ទី៦ ខែមីនាខាងមុខនេះ ដើម្បីពិភាក្សាអំពីការបង្កើនល្បឿនផលិតកម្មអាវុធ ខណៈមន្ទីរបញ្ចកោណ កំពុងខិតខំបំពេញបន្ថែមនូវការផ្គត់ផ្គង់ បន្ទាប់ពីការវាយប្រហារលើអ៊ីរ៉ង់ និងកិច្ចប្រឹងប្រែងយោធាជាច្រើនទៀតនាពេលថ្មីៗនេះ។

ក្រុមហ៊ុននានារួមទាំង Lockheed Martin និងក្រុមហ៊ុន RTX រួមជាមួយអ្នកផ្គត់ផ្គង់សំខាន់ៗផ្សេងទៀត ត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំ នេះបើយោងតាមប្រភពព័ត៌មាន។ កិច្ចប្រជុំនេះគូសបញ្ជាក់ពីភាពបន្ទាន់នៅទីក្រុងវ៉ាស៊ីនតោន ដើម្បីបង្កើនស្តុកអាវុធ បន្ទាប់ពីប្រតិបត្តិការនៅអ៊ីរ៉ង់ បានប្រើយុទ្ធោបករណ៍អស់យ៉ាងច្រើន។
ចាប់តាំងពីសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ក្នុងឆ្នាំ ២០២២ និងប្រតិបត្តិការយោធារបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា សហរដ្ឋអាមេរិកបានដកហូតស្តុកអាវុធដែលមានតម្លៃរាប់ពាន់លានដុល្លារ រួមទាំងប្រព័ន្ធកាំភ្លើងធំ គ្រាប់រំសេវ និងមីស៊ីលប្រឆាំងរថក្រោះ។ ជម្លោះនៅអ៊ីរ៉ង់ បានប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយៗជាងមីស៊ីលដែលផ្គត់ផ្គង់ឱ្យទីក្រុងគីវ។
ប្រភពបានឱ្យដឹងថាទៀតថា កិច្ចប្រជុំនៅសេតវិមាន ត្រៀមធ្វើឡើងកើតឡើង ខណៈដែលអនុរដ្ឋមន្ត្រីក្រសួងការពារជាតិ Steve Feinberg បានដឹកនាំការងាររបស់មន្ទីរបញ្ចកោណក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ លើការចងក្រងសំណើថវិកាបន្ថែមប្រហែល ៥០ ពាន់លានដុល្លារ ដែលអាចត្រូវបានចេញផ្សាយនៅថ្ងៃសុក្រដដែលនោះ។ ថវិកាថ្មីនេះនឹងចំណាយសម្រាប់បំពេញស្តុកអាវុធដែលប្រើក្នុងជម្លោះថ្មីៗនេះ រួមទាំងជម្លោះនៅមជ្ឈិមបូព៌ាផងដែរ ខណៈតួលេខនៃកញ្ចប់ថវិកាអាចផ្លាស់ប្តូរ៕

