ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានស្វាគមន៍ និងលើកទឹកចិត្តឲ្យ ប្រធានក្រុមហ៊ុនហួវ៉ៃ សហការជាមួយរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជា ទទួលបាននូវបច្ចេកវិទ្យាចុងក្រោយដែលខ្ពស់បំផុត។
ក្នុងឱកាសអនុញ្ញាតឱ្យលោក លីន បៃហ្វេង (Lin Bai Feng) ប្រធានក្រុមហ៊ុនHuawei ប្រចាំតំបន់ប៉ាស៊ីហ្វិក ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី២៤ ខែមីនានេះ សម្តេចតេជោ ហ៊ុន សែន បានស្នើសុំឲ្យក្រុមហួវ៉ៃ បន្តសហការជាមួយរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាទទួលបាននូវបច្ចេកវិទ្យាទំនើបចុងក្រោយបំផុត ដើម្បីប្រកួតប្រជែងលើពិភពលោក។
លោក បៃហ្វេង បានគោរពថ្លែងអំណរគុណចំពោះសម្ដេចតេជោ ចំពោះការគាំទ្រក្រុមហ៊ុនរបស់ លោក រយៈពេលជាង២៣ឆ្នាំកន្លងមក និងផ្ដល់នូវការទុកចិត្តដល់ក្រុមហ៊ុន អនុញ្ញាតឲ្យក្រុមហ៊ុនចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យា ទាំងក្នុងវិស័យសុខាភិបាលប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ និងលើវិស័យដទៃទៀត។
លោក បានបញ្ជាក់ថា សេដ្ឋកិច្ចឌីជីថលនៅកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំង ហើយកម្ពុជា មានការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាស្ទើរគ្រប់វិស័យ។
លោក បានស្នើសូមការគាំទ្រពីសម្ដេចតេជោ ចូលរួមចំណែកអភិវឌ្ឍន៍វិស័យព័ត៌មានវិទ្យា តាមរយៈការអភិវឌ្ឍធនធានមនុស្ស នាំមកនូវបច្ចេកវិទ្យាចុងក្រោយបំផុតមកកម្ពុជា និងរៀបចំហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់បណ្ដាញព័ត៌មានវិទ្យា និងតភ្ជាប់រវាងប្រជាជន និងប្រជាជន ប្រកបដោយសុវត្ថិភាព និងអធិបតេយ្យភាព៕អត្ថបទ៖ មុត សុទ្ធ



