លោក Alexei Likhachev ដែលជាប្រធាននៃសាជីវកម្មនេះ បាននិយាយកាលពីថ្ងៃអង្គារថា សាជីវកម្មនុយក្លេអ៊ែររដ្ឋរបស់រុស្ស៊ី Rosatom បានផ្អាកការងារសាងសង់នៅអង្គភាពថ្មីនៃរោងចក្រថាមពលនុយក្លេអ៊ែររបស់អ៊ីរ៉ង់ នៅក្នុងទីក្រុងកំពង់ផែ Bushehr ដោយសារតែការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់។
លោក Likhachev ពីមុនបានព្រមានអំពីការគំរាមកំហែងដែលបង្កឡើងដោយការវាយប្រហារនៅជិតរោងចក្រថាមពលនុយក្លេអ៊ែរអ៊ីរ៉ង់ ហើយបាននិយាយថា សំឡេងផ្ទុះ អាចត្រូវបានឮ «ចម្ងាយត្រឹមតែ គីឡូម៉ែត្រ»ពីរោងចក្រនេះ ទោះបីជាវាខ្លួនឯង មិនត្រូវបានកំណត់គោលដៅក៏ដោយ។

លោកបានប្រាប់អ្នកសារព័ត៌មានថា ការងារត្រូវបានបញ្ឈប់នៅការដ្ឋានសំណង់នៃអង្គភាពទី២ និងទី២នៃរោងចក្រនេះ។
លោកបាននិយាយថា៖«ពិតជាមានការពិបាកក្នុងការទស្សន៍ទាយពីដំណើរទៅមុខទៀតនៃព្រឹត្តិការណ៍នេះ ដោយសារប្រតិបត្តិការយោធាដែលកំពុងបន្តប្រឆាំងនឹងអ៊ីរ៉ង់ ប៉ុន្តែប្រជាជនរបស់យើង នឹងនៅទីនោះ ក្នុងករណីណាក៏ដោយ ហើយរោងចក្រនេះ នឹងស្ថិតក្នុងចំណោមអាទិភាពរបស់យើង»។
លោក Likhachev បានលើកឡើងថា មិនមានការទំនាក់ទំនងតាមទូរស័ព្ទ ឬអេឡិចត្រូនិកជាមួយថ្នាក់ដឹកនាំនៃឧស្សាហកម្មនុយក្លេអ៊ែរអ៊ីរ៉ង់ទេ ប៉ុន្តែទំនាក់ទំនងជាមួយសហការីនៅការដ្ឋានសំណង់ នៅតែ មាន។
លោក Likhachev បានបញ្ជាក់ថា បុគ្គលិករុស្ស៊ីប្រហែល ៦៣៩នាក់ នៅតែស្ថិតនៅក្នុងប្រទេសអ៊ីរ៉ង់ ហើយអ្នកខ្លះដែលបានស្ថិតនៅក្នុងរដ្ឋធានីតេអេរ៉ង់រួចហើយ កំពុងចាកចេញ។ កម្មករជិត ១០០នាក់ និងក្រុមគ្រួសាររបស់ពួកគេ ត្រូវបានជម្លៀសចេញកាលពីថ្ងៃសៅរ៍ នៅពេលដែលការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់ បានចាប់ផ្តើម ហើយលោក Likhachev បាននិយាយថា ការជម្លៀសបុគ្គលិក នឹងបន្តក្នុងអំឡុងពេលសម្រាកនៃការវាយប្រហារតាមអាកាស៕
