យោងតាមមន្ត្រីអ៊ីរ៉ង់ ៣រូបដែលដឹងពីការពិភាក្សា បានឲ្យដឹងថា បព្វជិតជាន់ខ្ពស់ដែលទទួលខុសត្រូវ ក្នុងការជ្រើសរើសមេដឹកនាំកំពូលបន្ទាប់របស់ប្រទេសអ៊ីរ៉ង់ បានជួបប្រជុំគ្នា កាលពីថ្ងៃអង្គារ (ទី៣ ខែមីនា ឆ្នាំ២០២៦) ដើម្បីបើកកិច្ចពិភាក្សា ហើយកូនប្រុសរបស់លោក Ayatollah Ali Khamenei អតីតមេដឹកនាំដែលត្រូវបានសម្លាប់ បានលេចឡើងក្នុងនាមជាបេក្ខជនឈានមុខគេយ៉ាងច្បាស់ក្រឡែត។
មន្ត្រីទាំងនោះបាននិយាយថា បព្វជិតទាំងនោះ កំពុងពិចារណាប្រកាសថា កូនប្រុសរបស់សពលោក Khamenei គឺលោក Mojtaba Khamenei នឹងក្លាយជាអ្នកស្នងតំណែងឪពុកលោកយ៉ាងឆាប់នៅព្រឹកថ្ងៃទី៤ ខែមីនានេះ ប៉ុន្តែអ្នកខ្លះបាននៅតែមានភាពរារែក ដោយខ្លាចថា វាអាចធ្វើឲ្យលោកក្លាយជាគោលដៅរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។
ពួកគេបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារនេះគឺជាការពិភាក្សាអំពីកិច្ចការផ្ទៃក្នុងដ៏រសើប។ យោងតាមមន្ត្រីទាំងនោះ ក្រុមបព្វជិតដែលត្រូវបានគេស្គាល់ថា ជាសភាអ្នកជំនាញ បានរៀបចំកិច្ចប្រជុំតាមអនឡាញចំនួន ២លើក មួយលើកនៅពេលព្រឹក និងមួយលើកទៀតនៅពេលល្ងាច។

គួរបញ្ជាក់ថា លោក Mojtaba Khamenei វ័យ ៥៦ឆ្នាំ គឺជាឥស្សរជនដ៏មានឥទ្ធិពលម្នាក់ ដែលបានធ្វើសកម្មភាពនៅក្រោមស្រមោលនៃអាណាចក្រឪពុករបស់លោក ដែលត្រូវបានសម្លាប់កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក អំឡុងការវាយប្រហារលើអ៊ីរ៉ង់ ដែលធ្វើឡើងដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។
លោក Mojtaba Khamenei ត្រូវបានគេដឹងថា មានទំនាក់ទំនងជិតស្និទ្ធជាមួយ IRGC (កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់)។ ហើយយោងតាមមន្ត្រីទាំង ៣រូបនោះ បានឲ្យដឹងថា កងឆ្មាំនេះបានជំរុញឲ្យមានការតែងតាំងរូបលោក ដោយអះអាងថា លោកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីដឹកនាំប្រទេសអ៊ីរ៉ង់នៅក្នុងគ្រាមានវិបត្តិនេះ៕
