នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney កាលពីថ្ងៃអង្គារ (ទី៣ ខែមីនា ឆ្នាំ២០២៦) បានពិពណ៌នាអំពីការកើនឡើងនូវភាពតានតឹងយោធាដែលកំពុងបន្តមាននៅតំបន់មជ្ឈិមបូព៌ាថា ជា «ឧទាហរណ៍មួយទៀតនៃការបរាជ័យសណ្តាប់ធ្នាប់អន្តរជាតិ»។
លោក Carney បានលើកឡើងថា «ប្រទេសកាណាដាបានចាត់ទុកអ៊ីរ៉ង់ជាយូរមកហើយថា ជាប្រភពសំខាន់នៃអស្ថិរភាព និងភេរវកម្ម នៅតំបន់មជ្ឈិមបូព៌ា» ដោយអះអាងថា អ៊ីរ៉ង់ និង «ក្រុមប្រូកស៊ីរបស់ខ្លួនបានសម្លាប់មនុស្សរាប់រយនាក់ ក្នុងនោះរួមមានទាំងជនស៊ីវិលកាណាដាផងដែរ និងបានបង្កជាទុក្ខវេទនាដែលមិនអាចពិពណ៌នាបាន សម្រាប់មនុស្សរាប់លាននាក់ នៅតំបន់មជ្ឈិមបូព៌ា និងកន្លែងផ្សេងទៀត»។
លោកបានបញ្ជាក់ថា «យើងគាំទ្រកិច្ចប្រឹងប្រែង ដើម្បីទប់ស្កាត់អ៊ីរ៉ង់កុំឲ្យទទួលបានអាវុធនុយក្លេអ៊ែរ និងដើម្បីរារាំងរបបនេះកុំឲ្យបង្កការគំរាមកំហែងបន្ថែមទៀតដល់សន្តិភាព និងសន្តិសុខអន្តរជាតិ» ដោយកត់សម្គាល់ថា «ប្រទេសកាណាដាកំពុងទទួលយកពិភពលោកមួយដូចដែលវាគឺបែបហ្នឹង ជាជាងរង់ចាំពិភពលោកមួយដែលយើងចង់ឲ្យវាទៅជាបែបនោះ»។

មេដឹកនាំកាណាដារូបនេះបានសង្កត់ធ្ងន់ថា៖ «តែទោះជាយ៉ាងណាក្ដី យើងប្រកាន់ជំហរនេះ តែមានការសោកស្តាយ ពីព្រោះជម្លោះបច្ចុប្បន្ន គឺជាឧទាហរណ៍មួយទៀតនៃការបរាជ័យរបស់សណ្តាប់ធ្នាប់អន្តរជាតិ»។
គួរបញ្ជាក់ថា ភាពតានតឹងបានកើនឡើងនៅទូទាំងតំបន់ ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ ដោយបានសម្លាប់មនុស្សជិត ៨០០នាក់ ក្នុងនោះរួមមានទាំងមេដឹកនាំកំពូលលោក Ali Khamenei និងមន្ត្រីយោធាជាន់ខ្ពស់ផងដែរ។
អ៊ីរ៉ង់បានឆ្លើយតបដោយការវាយប្រហារដោយយានដ្រូន និងមីស៊ីល ដែលកំណត់គោលដៅលើអ៊ីស្រាអែល ក៏ដូចជាប្រទេសឈូងសមុទ្រ ដែលជាទីតាំងរបស់ធនធានយោធាអាមេរិក៕


