កាលពីថ្ងៃអង្គារ (ទី៣ ខែមីនា ឆ្នាំ២០២៦) សារព័ត៌មាន Wall Street Journal (Journal) បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីអាមេរិកថា ប្រធានាធិបតីអាមេរិក លោក Donald Trump បើកចំហចំពោះការគាំទ្រក្រុមនានា នៅក្នុងប្រទេសអ៊ីរ៉ង់ ដែលមានឆន្ទៈកាន់អាវុធផ្តួលរំលំរបបនេះ ។
យោងតាមរបាយការណ៍របស់សារព័ត៌មាននេះ លោក Trump បាននិយាយកាលពីថ្ងៃអាទិត្យជាមួយមេដឹកនាំក្រុមជនជាតិឃឺដ ហើយបន្តចូលរួមជាមួយតួអង្គក្នុងស្រុកផ្សេងទៀត ដែលអាចទាញយកផលពីភាពទន់ខ្សោយបច្ចុប្បន្នរបស់របបអ៊ីរ៉ង់។

សារព័ត៌មាន Journal បានរាយការណ៍ថា៖ «ក្រុមប្រដាប់អាវុធជនជាតិឃឺដមានកម្លាំងច្រើន នៅតាមបណ្តោយព្រំដែនអ៊ីរ៉ាក់-អ៊ីរ៉ង់ ហើយអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើទីតាំងនានា នៅភាគខាងលិចប្រទេសអ៊ីរ៉ង់ ដែលនាំឲ្យមានការសង្ស័យថា ខ្លួនកំពុងបើកផ្លូវ ដើម្បីឲ្យមានរុលទៅមុខរបស់ក្រុមឃឺដ»។
ការជជែកតាមទូរស័ព្ទរបស់លោក Trump ជាមួយមេដឹកនាំឃឺដ ត្រូវបានរាយការណ៍ដំបូងគេ ដោយសារព័ត៌មាន Axios។ មន្ត្រីទាំងនេះបានប្រាប់សារព័ត៌មាន Journal ថា លោក Trump មិនទាន់បានធ្វើការសម្រេចចិត្តចុងក្រោយនៅឡើយទេ អំពីថា តើត្រូវផ្តល់អាវុធ ការបណ្តុះបណ្តាល ឬការគាំទ្រផ្នែកស៊ើបការណ៍សម្ងាត់ដល់ក្រុមប្រឆាំងរបបនេះដែរ ឬអត់។
ដោយឡែកនៅថ្ងៃអង្គារនោះដែរ លោក Trump បាននិយាយថា ទីក្រុងតេអេរ៉ង់ចង់ចរចា ប៉ុន្តែថា វាគឺ «យឺតពេលហើយ» ខណៈដែលប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ នៅតែបន្តមាន៕
