ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) នឹងនាំយកអនុសាសន៍ចំនួន ៣៨ចំណុច ពាក់ព័ន្ធ នឹងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ដើម្បីធ្វើរបាយការណ៍ទៅអង្គការសហប្រជាជាតិ (UN) ដែលជារបាយការណ៍ ពាក់កណ្ដាលអាណត្តិរបស់រាជរដ្ឋាភិបាល ដែលត្រូវបានបញ្ចប់ការពិនិត្យជាសាកលនៅឆ្នាំ២០១៩។
ក្នុងកិច្ចពិគ្រោះយោបល់លើរបាយការណ៍ពាក់កណ្ដាលអាណត្តិ នៃការត្រួតពិនិត្យជាសាកលតាម កាលកំណត់ដែលរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីត្រួតពិនិត្យវដ្ដទី៣ កាលពីម្សិលមិញ ឯកឧត្តម កត្តា អ៊ន សាមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឱ្យដឹងថា នៅឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជា បានទទួលអនុសាសន៍ចំនួន ១៧៣ចំណុច ក្នុងចំណោម ១៩៨ចំណុច ផ្ដល់ដោយប្រទេសចំនួន ៧៣ ក្នុងការត្រួតពិនិត្យ និងបានកត់សម្គាល់អនុសាសន៍ចំនួន២៥ ដែលក្នុងរយៈពេលពីរឆ្នាំមកនេះ បានបែងចែកអនុសាសន៍ទៅក្រសួងស្ថាប័នពាក់ព័ន្ធ និងបានប្រមូលចងក្រងធ្វើរបាយកាណ៍ពាក់កណ្ដាលអាណត្តិ ។
ឯកឧត្តម បានបន្តថា របាយការណ៍ពាក់កណ្ដាលអាណត្តិនេះ ជាការផ្សព្វផ្សាយទៅក្រសួងស្ថាប័ន ពាក់ព័ន្ធ អំពីសមិទ្ធផលរបស់រាជរដ្ឋាភិបាល បានអនុវត្តកន្លងមក ក៏ដូចជាសាធារណជន អង្គការសង្គមស៊ីវិល និងតំណាងអង្គទូតនានា ដែលជាម្ចាស់ផ្ដល់អនុសាសន៍ បានយល់ បានឃើញនូវសមិទ្ធផលក្នុងការ អនុវត្តអនុសាសន៍សិទ្ធិមនុស្ស ដែលកម្ពុជាទទួលយក រយៈពេលពីរឆ្នាំមកនេះ។
ឯកឧត្តម កត្តា អ៊ន បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានអនុវត្តនូវអនុសាសន៍ទាំង១៧៣ ដោយ មួយចំនួនសម្រេចបានជោគជ័យ និងមួយចំនួន កំពុងបន្តបំពេញនូវភាពខ្វះខាត ហើយកម្ពុជា នឹងធ្វើ របាយការណ៍អនុសាសន៍ចំនួន ៣៨ចំណុច ទៅUN ។
ឧទាហរណ៍ កិច្ចសហប្រតិបត្តិការជាមួយUN ពាក់ព័ន្ធនឹងការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ បញ្ហាដីធ្លី ស្ត្រី កុមារ ជនមានពិការភាព ជនជាតដើមភាគតិច គ្រោះមហន្តរាយ ប្រឆាំងអំពើពុករលួយជាដើម ហើយនឹងធ្វើការបកស្រាយទៅលើចំណុចទាំងអស់នោះ។
ក្នុងកិច្ចពិគ្រោះយោយល់នោះ ឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា ការធ្វើរបាយការណ៍នេះ គឺជាតួនាទីភារកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាសមាជិក នៃកតិការសញ្ញា ជាសមាជិកUN ចាំបាច់ត្រូវតែឡើងទៅការពារ ឬផ្ញើរបាយការណ៍ជារៀងរាល់៤ឆ្នាំឬ៥ឆ្នាំម្ដង។ សម្រាប់ការទៅការពារនេះ គឺធ្វើនៅមុខក្រុមប្រឹក្សាសិទ្ធិមនុស្ស ក្នុងក្រុងសឺណែវ ហើយការធ្វើនេះ មិនមែនតែកម្ពុជាទេ គឺគ្រប់ប្រទេសទាំងអស់ ខណៈកម្ពុជា បានឡើងការពារដល់ជុំទី៣ ដែលលើកទី១ នៅឆ្នាំ ២០០៩ លើកទី២ ឆ្នាំ២០១៤ និងជុំទី៣ នៅឆ្នាំ២០១៩ ៕ អត្ថបទ៖ បាន សុខរិទ្ធ