ប្រទេសនេប៉ាល់កំពុងឆ្ពោះទៅកាន់ការបោះឆ្នោតសកល នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ជាការបោះឆ្នោតលើកដំបូង បន្ទាប់ពីការតវ៉ាដឹកនាំដោយក្រុមយុវជន ឬ Gen-Z ក្នុងខែកញ្ញា ឆ្នាំ២០២៥ ដែលទាមទារឲ្យលុបបំបាត់អំពើពុករលួយ មានការងារបន្ថែម និងនយោបាយស្អាតស្អំ បាននាំឲ្យមានការបាត់បង់ជីវិតមនុស្ស ៧៧នាក់ និងបង្ខំឲ្យរដ្ឋាភិបាលលាលែងពីតំណែង។
អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប្រទេសដ៏តូចមួយ នៅតំបន់ជួរភ្នំហិមាល័យ ដែលស្ថិតនៅចន្លោះចិន និងឥណ្ឌា ត្រូវបានហែកហួរដោយអស្ថិរភាពនយោបាយ ដោយមានការផ្លាស់ប្តូររដ្ឋាភិបាល ៣២លើក ចាប់តាំងពីឆ្នាំ១៩៩០ ដែលធ្វើឲ្យសេដ្ឋកិច្ចដែលភាគច្រើនពឹងលើកសិកម្ម ត្រូវរងផលប៉ះពាល់ និងបង្ខំឲ្យមនុស្សរាប់លាននាក់ស្វែងរកការងារ នៅក្រៅប្រទេស។
ប្រជាជនជិត ១៩លាននាក់ ក្នុងចំណោម ៣០លាននាក់របស់ប្រទេសនេប៉ាល់ មានសិទ្ធិបោះឆ្នោត ដើម្បីជ្រើសរើសអង្គនីតិបញ្ញត្តិដែលមានសមាជិក ២៧៥រូប ដែលបេក្ខជន ១៦៥នាក់ត្រូវបានជ្រើសរើសដោយផ្ទាល់ និង ១១០រូប ត្រូវបានជ្រើសរើសតាមរយៈតំណាងសមាមាត្រ។

អ្នកបោះឆ្នោតប្រហែល ១លាននាក់ ដែលភាគច្រើនជាយុវជន ត្រូវបានបន្ថែមចូលទៅក្នុងបញ្ជីឈ្មោះ បន្ទាប់ពីមានការតវ៉ាឆ្នាំ២០២៥ ដែលបានពង្រីកការអំពាវនាវឲ្យផ្លាស់ប្តូរប្រព័ន្ធនយោបាយរបស់ប្រទេសនេប៉ាល់ និងឲ្យមានកំណែទម្រង់សេដ្ឋកិច្ច ដើម្បីបង្កើតការងារផ្លូវការជាមួយនឹងប្រាក់ឈ្នួលកាន់តែល្អប្រសើរ។
នៅក្នុងការប្រកួតប្រជែងនេះ ក្រុមនយោបាយប្រពៃណី នឹងប្រឈមជាមួយគ្នា ក្នុងនោះរួមមានទាំងគណបក្សកណ្ដាលនិយម គឺសមាជនេប៉ាល់ និងគណបក្សកុម្មុយនីស្តនេប៉ាល់ (Unified Marxist-Leninist ឬ UML) ដែលបានគ្របដណ្ដប់លើនយោបាយជាតិអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។
ប៉ុន្តែអ្នកវិភាគភាគច្រើន លើកឡើងថា គណបក្សកណ្តាលនិយម Rastriya Swatantra គឺនាំមុខគេ។ តារាចម្រៀងរ៉េបដែលបានក្លាយទៅជាអ្នកនយោបាយ លោក Balendra Shah អាយុ ៣៥ឆ្នាំ បានចូលរួមជាមួយគណបក្សទើបមានអាយុកាល ៣ឆ្នាំ ក្នុងខែមករា ក្នុងនាមជាបេក្ខជននាយករដ្ឋមន្ត្រីរបស់បក្សនេះ៕


