កងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់ បាននិយាយថា ពួកគេគ្រប់គ្រងបានទាំងស្រុងច្រកសមុទ្រ Hormuz ជាកន្លែងដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយថា លោកត្រៀមខ្លួន ដាក់ពង្រាយកងទ័ពជើងទឹក ដើម្បីអមដំណើរនាវាដឹកប្រេង ។
លោក Mohammad Akbarzadeh គឺជាមន្រ្តីកងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់ និយាយក្នុងសេចក្តីថ្លែងការណ៍នាថ្ងៃពុធនេះថា បច្ចុប្បន្ន ច្រកសមុទ្រ Hormuz ស្ថិតក្រោមការគ្រប់គ្រងទាំងស្រុងដោយកងទ័ពជើងទឹកសាធារណរដ្ឋអ៊ិស្លាម ។
គួរឲ្យដឹងថា ប្រហែល ១ភាគ ៥នៃប្រេងពិភពលោក ត្រូវបានដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រដ៏តូចចង្អៀតមួយនេះ ។
ទោះបីជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ រាយការណ៍ថា នៅក្នុងការធ្វើដំណើរដ៏កម្រមួយ នាវាដឹកប្រេងមួយគ្រឿង បានធ្វើនាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រ Hormuz តាមផ្លូវទៅកាន់កំពង់ផែអារ៉ាប់រួម ដើម្បីផ្ទុកប្រេងឆៅ ។
យោងតាមប្រភពព័ត៌មាន និងទិន្នន័យតាមដាននាវា បានឲ្យដឹងថា នាវាដឹកប្រេង Pola បានបិទកម្មវិធីតាមដាន AIS របស់ខ្លួនកាលពីល្ងាចថ្ងៃចន្ទ ពេលវាធ្វើដំណើរមកជិតច្រកសមុទ្រ ហើយនាវាមួយគ្រឿងនេះ បានបង្ហាញខ្លួនឡើងវិញកាលពីថ្ងៃអង្គារ នៅជិតទីក្រុង Abu Dhabi ។
សង្រ្គាមសហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ កំពុងបង្អាក់ដល់ខ្សែចង្វាក់ផ្គត់ផ្គង់សកល ក្នុងនោះការដឹកជញ្ជូនត្រូវបានបិទ នៅច្រកសមុទ្រដ៏ចាំបាច់ Hormuz ហើយយន្តហោះដឹកទំនិញ ពុំអនុញ្ញាតឲ្យហោះហើរ ដោយសារការបិទដែនអាកាសនៅតំបន់មជ្ឈិមបូព៌ា ៕