នៅក្រៅសន្និសីទថាមពលក្នុងទីក្រុង Cape Town លោកប្រធានាធិបតី លោក Cyril Ramaphosa បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ប្រទេសអាហ្វ្រិកខាងត្បូងមានឆន្ទៈក្នុងការដើរតួនាទីសម្របសម្រួលក្នុងជម្លោះ នៅតំបន់មជ្ឈិមបូព៌ា ប្រសិនបើត្រូវបានស្នើសុំ។

យោងតាមការអត្ថាធិប្បាយដែលចាក់ផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក Newzroom Afrika លោក Ramaphosa បាននិយាយថា៖ «ប្រទេសអាហ្វ្រិកខាងត្បូងតែងតែត្រៀមខ្លួនជានិច្ច ដើម្បីដើរតួនាទីរួមចំណែក ទាំងក្នុងការសម្របសម្រួល ឬអ្វីក៏ដោយតាមដែលអាចធ្វើបាន។ ហើយប្រសិនបើឱកាសផ្ដល់ឲ្យ ឬប្រសិនបើយើងត្រូវបានស្នើសុំនោះ យើងតែងតែបំពេញកាតព្វកិច្ចរបស់យើងជានិច្ច»។
លោកបានសង្កត់ធ្ងន់ថា៖ «ប្រសិនបើឱកាសផ្ដល់ឲ្យ យើងនឹងជជែកពិភាក្សា ហើយនិយាយថា ត្រូវតែមានបទឈប់បាញ់។ ការសន្ទនាតែងតែជាមធ្យោបាយដ៏ល្អបំផុត ដើម្បីបញ្ចប់ជម្លោះ ហើយបន្ទាប់មកបញ្ចប់សង្គ្រាម។ ហើយយើងចង់ឲ្យសង្គ្រាមនេះបញ្ចប់ភ្លាមៗ»។
ជាមួយគ្នានេះ លោក Ramaphosa ក៏បានបញ្ជាក់បន្ថែមផងដែរថា រដ្ឋាភិបាលអាហ្វ្រិកខាងត្បូងកំពុងធ្វើអ្វីគ្រប់យ៉ាងដែលខ្លួនអាចធ្វើបាន ដើម្បីនាំពលរដ្ឋរបស់ខ្លួនដែលជាប់នៅក្នុងតំបន់នោះវិលត្រឡប់មកប្រទេសកំណើតវិញ៕


