នៅថ្ងៃពុធ (ទី៤ ខែមីនា ឆ្នាំ២០២៦) នេះ រុស្ស៊ីបានចោទប្រកាន់សហរដ្ឋអាមេរិកថា បានប្រើប្រាស់ការគំរាមកំហែងស្រមើស្រមៃពីអ៊ីរ៉ង់ ដើម្បីធ្វើជាលេសផ្តួលរំលំសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញរបស់ប្រទេសនេះ ហើយបានបញ្ជាក់ថា ការអំពាវនាវរបស់ទីក្រុងវ៉ាស៊ីនតោនឲ្យពលរដ្ឋអ៊ីរ៉ង់ដណ្តើមអំណាចពីមេដឹកនាំរបស់ពួកគេ គឺជាការមើលងាយ និងអមនុស្សធម៌។
អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Maria Zakharova បាននិយាយថា សហរដ្ឋអាមេរិកបានប្រើប្រាស់ការចរចាជាមួយអ៊ីរ៉ង់ ដែលធ្វើឡើងថ្មីៗនេះ កាលពីសប្តាហ៍មុន ជាការបិទបាំងផែនការ សម្រាប់ការផ្លាស់ប្តូររបប នៅទីនោះ។ លោកស្រី Zakharova បានប្រាប់អ្នកសារព័ត៌មានថា៖ «មិនមានការសង្ស័យទេថា ការលើកឡើងស្រមើស្រមៃ និងប្រឌិតឡើង ដែលថា មានគំរាមកំហែងពីអ៊ីរ៉ង់ ពោលគឺជាអ្វីដែលត្រូវបានបញ្ជាក់ម្តងហើយម្តងទៀតអស់រយៈពេលជាច្រើនឆ្នាំ គ្រាន់តែជាលេស ដើម្បីអនុវត្តផែនការដែលចង់បានជាយូរមកហើយប៉ុណ្ណោះ ដោយមានគោលបំណងផ្តួលរំលំសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញរបស់រដ្ឋអធិបតេយ្យមួយដោយហិង្សា ពោលគឺជារដ្ឋដែលទីក្រុងវ៉ាស៊ីនតោន និង Tel Aviv មិនចូលចិត្ត»។

ដោយមិនបាននិយាយយោងដោយចំឈ្មោះប្រធានាធិបតីអាមេរិក លោក Donald Trump លោកស្រី Zakharova បានសំដៅទៅលើការអំពាវនាវរបស់លោក ដែកចង់ឲ្យប្រជាជនអ៊ីរ៉ង់ដណ្តើមអំណាចពីថ្នាក់ដឹកនាំសាសនា។ លោកស្រីបាននិយាយថា៖ «វាគឺកាន់តែឥតអៀនខ្មាស និងអមនុស្សធម៌ថែមទៀត នៅពេលដែលបានឮនូវការអំពាវនាវឲ្យប្រជាជនអ៊ីរ៉ង់ដណ្តើមអំណាច ដូចដែលលោកខាងលិចលើកឡើង ខណៈពេលដែលលោកខាងលិចពិតជាកំពុងបំផ្លាញប្រជាជនអ៊ីរ៉ង់»។
រុស្ស៊ីមានសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រជាមួយអ៊ីរ៉ង់ ហើយប្រធានាធិបតី លោក Vladimir Putin បានថ្កោលទោសអ្វីដែលលោកហៅថា ជាការធ្វើឃាតដោយអៀនខ្មាសលើមេដឹកនាំកំពូល លោក Ayatollah Ali Khamenei ដែលត្រូវបានសម្លាប់នៅថ្ងៃដំបូងនៃសង្គ្រាមដែលបានចាប់ផ្តើមដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលកាលពីថ្ងៃទី២៨ ខែកុម្ភៈ៕


