រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot បានបញ្ជាក់នៅថ្ងៃពុធ (ទី៤ ខែមីនា ឆ្នាំ២០២៦) នេះថា យន្តហោះចម្បាំង Rafale របស់បារាំង បានបាញ់ទម្លាក់យានដ្រូនរបស់អ៊ីរ៉ង់ដែលកំណត់គោលដៅលើអេមីរ៉ាតអារ៉ាប់រួម (អារ៉ាប់រួម) ជាផ្នែកមួយនៃការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើប្រទេសឈូងសមុទ្រ បន្ទាប់ពីមានការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។
លោក Barrot បាននិយាយថា៖ «យើងបានឆ្លើយតបទៅនឹងសំណើរបស់ដៃគូរបស់យើងរួចហើយ ជាពិសេសប្រទេសអារ៉ាប់រួម ជាមួយនឹងសមត្ថភាពយោធាដែលយើងអាចផ្តល់ឲ្យពួកគេបាន។ ទាំងអស់នេះមានគោលបំណងសាមញ្ញមួយ ដែលជាការការពារយ៉ាងតឹងរ៉ឹង ពោលគឺដើម្បីឲ្យដៃគូរបស់យើងការពារខ្លួនប្រឆាំងនឹងការឈ្លានពាន ដែលពួកគេមិនបានបង្កឡើង»។

ជាមួយគ្នានេះ លោក Barrot ក៏បានប្រាប់ផងដែរថា ជើងហោះហើរធ្វើមាតុភូមិនិវត្តន៍ជាច្រើន សម្រាប់ពលរដ្ឋបារាំង នៅតំបន់មជ្ឈិមបូព៌ា ត្រូវបានគ្រោងទុកសម្រាប់ថ្ងៃពុធនេះ។
លោកបាននិយាយទៅកាន់ទូរទស្សន៍ France 2 TV ថា៖ «ជើងហោះហើរមួយនឹងចេញដំណើរពីប្រទេសអារ៉ាប់រួម មួយទៀតពីប្រទេសអេហ្ស៊ីប ដើម្បីធ្វើមាតុភូមិនិវត្តន៍អ្នកដែលងាយរងគ្រោះ ពីអ៊ីស្រាអែល»។
តែយ៉ាងណាក្ដី លោក Barrot បានបដិសេធមិននិយាយថា តើមានមនុស្សប៉ុន្មាននាក់ នឹងនៅលើជើងហោះហើរនោះ។ ជនជាតិបារាំងមានប្រហែល ៤០០.០០០នាក់ នៅក្នុងតំបន់នេះ៕
