រដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន (ASEAN) បានពិពណ៌នាអំពីការកើនឡើងនូវជម្លោះ នៅតំបន់មជ្ឈិមបូព៌ាថា ជារឿង «គួរឲ្យសោកស្តាយ» ដោយជំរុញឲ្យមានបទឈប់បាញ់ជាបន្ទាន់ បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ បានបង្កឲ្យមានការវាយប្រហារសងសឹក នៅទូទាំងតំបន់នោះ ដែលធ្វើឲ្យមានក្ដីបារម្ភកាន់តែខ្លាំងឡើង អំពីសុវត្ថិភាពជនស៊ីវិល និងស្ថិរភាពពិភពលោក។
សេចក្តីថ្លែងការណ៍រួម នាថ្ងៃពុធ (ទី៤ ខែមីនា ឆ្នាំ២០២៦) នេះ បានកើតឡើងក្រោយ ៤ថ្ងៃបន្ទាប់ពីការវាយប្រហារ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដែលបង្កឲ្យមានការកើនឡើងនូវភាពតឹងចុងក្រោយ បន្ទាប់ពីរដ្ឋាភិបាលអាស៊ីអាគ្នេយ៍ភាគច្រើន បានចេញសេចក្ដីអំពាវនាវឲ្យមានការអត់ធ្មត់ និងការទូត។

ក្រុមប្រទេសក្នុងតំបន់នេះ បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ការកើនឡើងនូវជម្លោះនេះ គឺជារឿងគួរឲ្យសោកស្តាយជាពិសេស ព្រោះវាបានកើតឡើងក្នុងអំឡុងពេលមានកិច្ចប្រឹងប្រែងការទូតដែលកំពុងបន្តទៅមុខ ក្នុងនោះរួមមានទាំងគំនិតផ្តួចផ្តើមសម្របសម្រួលដឹកនាំដោយប្រទេសអូម៉ង់ ដែលមានគោលបំណងជំរុញឲ្យមានដំណោះស្រាយតាមរយៈការចរចា»។
សេចក្តីថ្លែងការណ៍បានបន្ថែមថា អាស៊ានកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់ ហើយមានក្ដីបារម្ភយ៉ាងខ្លាំង អំពីការកើនឡើងនូវជម្លោះ នៅតំបន់មជ្ឈិមបូព៌ា។ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានព្រមានថា សភាពការណ៍វិវត្តន៍ទាំងនេះ បង្ក «ការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិត និងសុវត្ថិភាពរបស់ជនស៊ីវិល ក៏ដូចជាសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងសកល»។
រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន បានបញ្ជាក់ពីសារៈសំខាន់នៃ «ការបញ្ឈប់អរិភាពជាបន្ទាន់» ហើយបានអំពាវនាវឲ្យគ្រប់ភាគីទាំងអស់អនុវត្តនូវ «ការអត់ធ្មត់ដោយខ្លួនឯងឲ្យបានខ្លាំងបំផុត» និងដោះស្រាយការខ្វែងគមនិតគ្នារបស់ពួកគេតាមរយៈការទូត និងការសន្ទនា។ រដ្ឋមន្ត្រីទាំងអស់ក៏បានជំរុញឲ្យប្រទេសពាក់ព័ន្ធគោរពច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ រួមទាំងកាតព្វកិច្ចការពារជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធជនស៊ីវិល ក្នុងអំឡុងពេលមានជម្លោះប្រដាប់អាវុធនេះ៕

