
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែមីនានេះ កាកបាទក្រហមកម្ពុជាដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានប្រគល់ជែលលាងដៃទៅដល់មន្ទីពេទ្យចំនួន២រួមមាន មន្ទីពេទ្យព្រះកេតុមាលា និងមជ្ឈមណ្ឌលជាតិគំាពារមាតា និងទារក(មន្ទីរពេទ្យជប៉ុន) ដោយមន្ទីរពេទ្យនីមួយៗ ទទូលបានជែលលាងដៃចំនួន៣០០កេស សម្រាប់ទុកប្រើប្រាស់នៅក្នុងមន្ទីរពេទ្យ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ដែលពិធីប្រគល់-ទទួលនេះ ធ្វើឡើងនៅទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា។
ក្នុងឱកាសទទួលជួបសវនាការ និងប្រគល់អំណោយទាំងនោះលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បាននាំប្រសាសន៍ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ការថ្លែងអំណរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាលទាំងអស់ នៃមន្ទីរពេទ្យ ដែលជាវីរជនជួរមុខ ដែលមានភាពឈ្លាសវៃក្នុងការគ្រប់គ្រង និងទប់ស្កាត់បានការចម្លងមេរោគកូវីដ-១៩ នៅក្នុងមន្ទីរពេទ្យ។ លោកជំទាវសូមជូនពរថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាលទាំងអស់ នៃមន្ទីរពេទ្យ សូមមានសុខភាពល្អរឹងមាំ មានសុវត្ថិភាព និងជៀសឆ្ងាយពីជំងឺនានា ដើម្បីបន្តផ្តល់ក្តីសង្ឃឹម និងភាពកក់ក្តៅដល់អ្នកជំងឺទាំងឡាយ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។
តំណាង នៃមន្ទីរពេទ្យទាំងពីរខាងលើ ដែលអញ្ជើញមកទទួលជែលលាងដែលពីកាកបាទក្រហមកម្ពុជា នាពេលនេះបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានសម្រេចផ្តល់ជែលទាំងនេះជូនដល់មន្ទីរពេទ្យ ដើម្បីប្រើប្រាស់ក្នុងតម្រូវការចាំបាច់បំផុតនាពេលបច្ចុប្បន្ននេះ។
សូមបញ្ជាក់ថាការដែលកាកបាទក្រហមកម្ពុជា ប្រគល់ជែលលាងដៃទៅដល់មន្ទីរពេទ្យទាំងពីរខាងលើនេះ មិនមែនជាលើកទី១ទេ គឺមានការប្រគល់ជាច្រើនលើកមកហើយ ដែលជែលទាំងអស់នេះ កាកបាទក្រហមកម្ពុជា ទទួលបានមកពីជំនួយសប្បុរសជនផ្សេងៗ ដូច្នេះត្រូវបែងចែកទៅដល់មន្ទីរពេទ្យភ្លាមៗ សម្រាប់ប្រើប្រាស់តាមតម្រូវការ៕ អត្ថបទ៖ សំ ងីម






