ផ្លូវហុយត្រូវបានគេមើលឃើញនៅជិតស្ថានកុងស៊ុលសហរដ្ឋអាមេរិក ស្ថិតក្នុងទីក្រុង Dubai ប្រទេសអារ៉ាប់រួមកាលពីថ្ងៃអង្គារ ហើយរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ចំណតរថយន្តរងការវាយប្រហារ ហើយបុគ្គលិកទាំងអស់ មានវត្តមាននៅទីនោះ ។
សាក្សីម្នាក់របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រនិយាយថា ផ្លូវត្រូវបានបិទ ហើយមាននូវវត្តមានដ៏ច្រើនរបស់នគរបាលនៅក្បែរស្ថានកុងស៊ុលសហរដ្ឋអាមេរិក ។
ការិយាល័យព័ត៌មានក្រុង Dubai និយាយកាលពីថ្ងៃអង្គារថា ក្រុមអាជ្ញាធរ បានពន្លត់អគ្គិភ័យ នៅជិតស្ថានកុងស៊ុលសហរដ្ឋអាមេរិក ក្រោយការវាយប្រហាររបស់យានដ្រូន ហើយគ្មានអ្នករងរបួស ត្រូវបានរាយការណ៍នោះទេ ។
សូមបញ្ជាក់ថា កងកម្លាំងសហរដ្ឋអាមេរិក បានវាយប្រហារគោលដៅចំនួន ១.៧០០កន្លែង នៅក្នុងប្រទេសអ៊ីរ៉ង់ ក្នុងនោះរួមទាំងទីតាំងថ្មី ៣០០ទៀត ខណៈពេលដែលបន្ថែមយន្តហោះទម្លាក់គ្រាប់បែក B-1 Lancer និង B-52 Stratofortress ទៅក្នុងការវាយប្រហារតាមច្រកអាកាស ៕