កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ និយាយនៅថ្ងៃពុធនេះថា ពួកគេបានបាញ់បង្ហោះយានដ្រូន ២៣០គ្រឿង លើទីតាំងជាច្រើនកន្លែងដែលមានទាហានសហរដ្ឋអាមេរិកឈរជើង ស្ថិតនៅតំបន់មជ្ឈិមបូព៌ា រួមទាំងមូលដ្ឋានទ័ពនៅទីក្រុង Erbil នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ និងមូលដ្ឋានទ័ពអាកាស Ali Al Salem និងមូលដ្ឋានទ័ព Camp Arifjan នៅប្រទេសគូវ៉ែត ។
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់និយាយថា ការវាយប្រហារនេះ ស្ថិតនៅក្នុងចំណោមជំហានដ៏ខ្លាំងក្លាដំបូងរបស់ខ្លួន នៅក្នុងសង្រ្គាម បើទោះបីជាអ៊ីរ៉ង់បានវាយប្រហារបណ្តាលរដ្ឋក្នុងឈូងសមុទ្រអារ៉ាប់អស់រយៈពេលជាច្រើនថ្ងៃក៏ដោយ ចាប់តាំងពីអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បើកការវាយប្រហាររួមគ្នាកាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍កន្លងទៅ ។
ក្រសួងសុខាភិបាលគូវ៉ែត និយាយនៅថ្ងៃពុធនេះថា ក្មេងស្រីអាយុ ១១ឆ្នាំម្នាក់ ត្រូវបានសម្លាប់ ក្រោយត្រូវអំបែងយានដ្រូនធ្លាក់ ។
ក្រសួងបាននិយាយនៅលើបណ្តាញព័ត៌មានសង្គម Xថា ការសង្រ្គោះអាយុជីវិត ត្រូវបានធ្វើនៅក្នុងរថយន្តគិលានសង្រ្គោះ ខណៈក្មេងស្រីត្រូវបានដឹកទៅកាន់មន្ទីរពេទ្យ ហើយការប៉ុនប៉ងសង្រ្គជីវិតនាង បានបន្តរយៈពេលជិតកន្លះម៉ោងទៀត ពេលមកដល់មន្ទីរពេទ្យ Al-Amiri ប៉ុន្តែនាងបានស្លាប់ដោយសារតែរបួសរបស់នាង ។
នៅប្រទេសអ៊ីរ៉ាក់ កាសែត Al Jazeera រាយការណ៍ថា យានដ្រូន ១គ្រឿង មានគោលដៅអគារគាំទ្រភស្តុភារនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅទីក្រុងបាកដាដ ស្ថិតនៅជិតអាកាសយានដ្ឋានអន្តរជាតិក្រុងបាកដាដ ។ វាបានកើតមាន បន្ទាប់ពីការវាយប្រហារស្រដៀងគ្នាកាលពីថ្ងៃអង្គារ នៅជិតអាកាសយានដ្ឋានមួយនេះ ។
ប្រភពសន្តិសុខនិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា យានដ្រូន ២គ្រឿង មានគោលដៅផងដែរលើមូលដ្ឋានយោធាសហរដ្ឋអាមេរិក និងសណ្ឋាគារនៅទីក្រុង Erbil ស្ថិតក្នុងតំបន់ឃឺដ ភាគខាងជើងប្រទេសអ៊ីរ៉ាក់ ៕