ប្រជាជនរស់នៅតាមបណ្តោយព្រំដែនប៉ាគីស្ថានជាមួយអាហ្វហ្គានីស្ថាន បាននិយាយថា ពួកគេកំពុងគិតភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ដោយសារតែការបាញ់ផ្លោង និងការផ្ទុះយ៉ាងខ្លាំង ខណៈដែលការប្រយុទ្ធគ្នា រវាងកងទ័ពមកពីភាគីទាំង២ បានឈានចូលដល់ថ្ងៃទី៧ ហើយ នៅថ្ងៃពុធ (ទី៤ ខែមីនា ឆ្នាំ២០២៦) នេះ។
សម្ព័ន្ធមិត្តអាស៊ីខាងត្បូង ដែលបានប្រែក្លាយទៅជាសត្រូវនឹងគ្នា បានមានការប្រយុទ្ធគ្នាដ៏អាក្រក់បំផុតជាលើកដំបូង ក្នុងរយៈពេលជាច្រើនឆ្នាំ បន្ទាប់ពីមានការវាយប្រហារតាមអាកាសរបស់ប៉ាគីស្ថាន លើទីក្រុងធំៗរបស់អាហ្វហ្គានីស្ថាន កាលពីសប្តាហ៍មុន ដែលធ្វើឲ្យមានការប្រែប្រួលកាន់តែខ្លាំងនៅក្នុងតំបន់មួយ ដែលក៏ស្ថិតនៅកៀកនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់ផងដែរ។
ទីក្រុងអ៊ីស្លាម៉ាបាដបានឲ្យដឹងថា ការវាយប្រហារតាមអាកាសរបស់ខ្លួន ដែលពេលខ្លះ បានកំណត់គោលដៅដោយផ្ទាល់ទៅលើរដ្ឋាភិបាលតាលីបង់ មានគោលបំណងបញ្ចប់ការគាំទ្ររបស់អាហ្វហ្គានីស្ថាន ចំពោះពួកសកម្មប្រយុទ្ធដែលធ្វើការវាយប្រហារលើប៉ាគីស្ថាន។ ក្រុមតាលីបង់បានបដិសេធថា ខ្លួនមិនបានជួយក្រុមសកម្មប្រយុទ្ធនោះឡើយ។
ប្រជាជននៅតាមទីប្រជុំជន និងភូមិនានា នៅភាគពាយ័ព្យប៉ាគីស្ថាន បានប្រាប់ថា ការប្រយុទ្ធគ្នា រវាងកងកម្លាំងព្រំដែន ចាប់ផ្តើមឡើងនៅពេលល្ងាច ដោយធ្វើលំនៅឋានរបស់ពួកគេស្ថិតនៅក្នុងគ្រោះថ្នាក់។
អ្នកស្រុក ទាំងនៅក្នុងទីក្រុង និងភូមិក្បែរៗនោះ បាននិយាយថា មានការបាញ់ផ្លោង និងការផ្ទុះយ៉ាងខ្លាំងមួយចំនួន ត្រូវបានឮក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដែលជំរុញឲ្យមនុស្សជាច្រើនភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ។ នៅម្ខាងទៀតនៃព្រំដែន ពលរដ្ឋអាហ្វហ្គានីស្ថានបានចែករំលែករឿងរ៉ាវស្រដៀងគ្នានៃការប៉ះទង្គិចគ្នា និងគ្រួសារដែលចាកចេញពីផ្ទះរបស់ពួកគេ។
ការប្រយុទ្ធគ្នាតាមបណ្តោយព្រំដែនប្រវែង ២.៦០០គីឡូម៉ែត្រ ម្ដងកើនឡើងខ្លាំងម្ដងថយចុះ ក្នុងអំឡុងពេលជម្លោះរយៈពេល ១សប្តាហ៍ ដោយភាគីទាំង២ អះអាងថា ខ្លួនបានបង្កការខាតបង់យ៉ាងធ្ងន់ធ្ងរដល់គូអរិ និងមានប្រៀបនៅក្នុងការប្រយុទ្ធគ្នានេះ៕