មន្រ្តីប្រេង ២នាក់ របស់អ៊ីរ៉ាក់ និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា អ៊ីរ៉ាក់នឹងបង្ខំចិត្តកាត់បន្ថយការផលិតប្រេងជាង ៣លានបារ៉ែល ក្នុង ១ថ្ងៃ ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតនេះ បើសិនជានាវាដឹកប្រេងមិនអាចធ្វើនាវាចរណ៍ដោយសេរីឆ្លងកាត់ច្រកសមុទ្រ Hormuz ហើយនិងទៅដល់កំពង់ផែស្តុកប្រេងរបស់ខ្លួន ។
ក្រុមមន្រ្តីដែលសុំមិនបញ្ចេញឈ្មោះ និយាយថា មកទល់នឹងថ្ងៃអង្គារ អ៊ីរ៉ាក់ បានបន្ថយការផលិតនៅរោងចក្រចម្រាញ់ប្រេង Rumaila ចំនួន ៧០ម៉ឺនបារ៉ែល ក្នុង ១ថ្ងៃ និងកាត់បន្ថយការផលិត ៤៦ម៉ឺនបារ៉ែល ក្នុង ១ថ្ងៃនៅរោងចក្រចម្រាញ់ប្រេង West Qurna 2 ក៏ដូចជាកាត់បន្ថយការផលិតប្រេង ៣២៥.០០០បារ៉ែល ក្នុង ១ថ្ងៃ នៅរោងចក្រចម្រាញ់ប្រេង Maysan ។
ពួកគេបន្តថា ការកាត់បន្ថយទិន្នផលនោះ អាចនឹងកើនឡើងដល់ជាង ៣លានបារ៉ែល ក្នុង ១ថ្ងៃ បើសិនជានាវាដឹកប្រេងមិនអាចធ្វើនាវាចរណ៍ដោយសេរីឆ្លងកាត់ច្រកសមុទ្រ Hormuz ។
ក្រសួងប្រេងអ៊ីរ៉ាក់និយាយថា ការកាត់បន្ថយការផលិតប្រេងឆៅរបស់ខ្លួន នឹងធ្វើឲ្យប៉ះពាល់ដល់ប្រតិបត្តិការនៅតាមរោងចក្រចម្រាញ់ប្រេងរបស់ពួកគេ ។
សូមបញ្ជាក់ថា អ៊ីរ៉ាក់កំពុងរងការខាតបង់ប្រចាំថ្ងៃប្រហែល ១២៨ លានដុល្លារ ដោយសារតែផ្អាកការផលិតប្រេងនៅតាមរោងចក្រចម្រាញ់ប្រេងមួយចំនួន បន្ទាប់ពីកើតមានអរិភាពនៅក្នុងតំបន់ ៕