រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz កាលពីថ្ងៃពុធ៤មីនាសប្ដាហ៍នេះ បានប្រកាសថា អ្នកណាដែលត្រូវបានជ្រើសរើសជាមេដឹកនាំកំពូលបន្ទាប់របស់អ៊ីរ៉ង់នឹងក្លាយជាគោលដៅសម្រាប់ការលុបបំបាត់ ជាការកើនឡើងនូវវោហារសាស្ត្រប៉ុន្មានថ្ងៃបន្ទាប់ពីអ៊ីស្រាអែលបានសម្លាប់លោក Ali Khamenei ក្នុងការវាយប្រហារដែលបង្កឱ្យសង្គ្រាមរាលដាលកាន់តែខ្លាំងពេញមជ្ឈិមបូព៌ា។

ក្រុមមន្ត្រីអ៊ីរ៉ង់បាននិយាយថាក្រុមបព្វជិតជាន់ខ្ពស់ដែលទទួលខុសត្រូវ ក្នុងការជ្រើសរើសមេដឹកនាំកំពូលបន្ទាប់របស់អ៊ីរ៉ង់ បានជួបប្រជុំគ្នា កាលពីថ្ងៃអង្គារ៣ មីនា សប្ដាហ៍នេះ ដើម្បីបើកកិច្ចពិភាក្សា ហើយកូនប្រុសរបស់លោក Ayatollah Ali Khamenei ជាបេក្ខជនឈានមុខគេ។មន្ត្រីទាំងនោះបាននិយាយថា ក្រុមបព្វជិតកំពុងពិចារណាប្រកាសថា កូនប្រុសរបស់សពលោក Khamenei គឺលោក Mojtaba Khamenei នឹងក្លាយជាអ្នកស្នងតំណែងឪពុកលោកយ៉ាងឆាប់នៅព្រឹកថ្ងៃទី៤មីនាសប្ដាហ៍នេះ ប៉ុន្តែអ្នកខ្លះនៅតែមានភាពរារែក ដោយខ្លាចថា វាអាចធ្វើឲ្យលោកក្លាយជាគោលដៅរបស់អាមេរិក និងអ៊ីស្រាអែល។
លោក Katz បានព្រមានតាមរយៈការបង្ហោះសារលើបណ្ដាញសង្គម X ថា មេដឹកនាំគ្រប់រូបដែលត្រូវបានតែងតាំងដោយរបបភេរវកម្មអ៊ីរ៉ង់ ដើម្បីបន្ត និងដឹកនាំផែនការបំផ្លាញអ៊ីស្រាអែល ក្នុងការគំរាមកំហែងអាមេរិក និងពិភពលោកសេរី និងប្រទេសនានាក្នុងតំបន់ និងដើម្បីគាបសង្កត់ប្រជាជនអ៊ីរ៉ង់ នឹងក្លាយជាគោលដៅសម្រាប់ការកម្ទេចចោល។
លោកបានបន្ថែមថា មិនថា បុគ្គលនោះ មានឈ្មោះអី ឬពួនសំងំនៅកន្លែងណា ក៏ដោយ នាយករដ្ឋមន្ត្រី និងរូបលោកបានណែនាំកងកម្លាំងការពារអ៊ីស្រាអែល IDF ឱ្យរៀបចំ និងធ្វើសកម្មភាពតាមគ្រប់មធ្យោបាយដើម្បីអនុវត្តបេសកកម្មជាផ្នែកសំខាន់មួយនៃគោលបំណងសម្រាប់ប្រតិបត្តិការ តោងើប (Lion's Roar)៕


