អាជ្ញាធរបាននិយាយថា បំណាក់ដីបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឲ្យមនុស្សជាង ២០០ នាក់ស្លាប់នៅអណ្តូងរ៉ែ Rubaya ភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ ក្រសួងរ៉ែរបស់ប្រទេសកុងហ្គោ បាននិយាយកាលពីថ្ងៃពុធថា កុមារប្រហែល ៧០ នាក់ស្ថិតក្នុងចំណោមជនរងគ្រោះ ហើយអ្នកផ្សេងទៀតដែលរងរបួសត្រូវបានជម្លៀសទៅកាន់មណ្ឌលសុខភាពក្នុងទីក្រុង Goma ជារដ្ឋធានីនៃខេត្ត North Kivu។

លោក Fanny Kaj មន្ត្រីជាន់ខ្ពស់ម្នាក់នៅក្នុងក្រុមឧទ្ទាម M23 ដែលគ្រប់គ្រងអណ្តូងរ៉ែ បានជំទាស់នឹងតួលេខរបស់រដ្ឋាភិបាល និងបាននិយាយថា បំណាក់ដីនេះបណ្តាលមកពី «ការបំផ្ទុះគ្រាប់បែក»។ លោក Kaj បាននិយាយថា «ខ្ញុំអាចបញ្ជាក់បានថា អ្វីដែលមនុស្សជាច្រើនកំពុងផ្សព្វផ្សាយគឺមិនពិតទេ។ ពុំមានបំណាក់ដីទេ។ មានការបំផ្ទុះគ្រាប់បែក ហើយចំនួនអ្នកស្លាប់ពុំមែនជាអ្វីដែលមនុស្សកំពុងនិយាយនោះទេ។ វាមានតែមនុស្សប្រាំនាក់ប៉ុណ្ណោះបានស្លាប់»។

លោក Ibrahim Taluseke កម្មកររ៉ែនៅទីតាំងនោះ បាននិយាយថា លោកបានជួយរកឃើញសាកសពមនុស្សជាង ២០០ នាក់ពីតំបន់នោះ។ មន្ត្រីជាន់ខ្ពស់ម្នាក់មកពីក្រុមឧទ្ទាម AFC M23 គាំទ្រដោយប្រទេសរ៉្វាន់ដា ដែលបានគ្រប់គ្រងអណ្តូងរ៉ែនេះតាំងពីឆ្នាំ២០២៤ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា «ប្រតិបត្តិការបន្តត្រូវបានរារាំង» ។ ហេតុការណ៍នេះ បានកើតឡើងដោយសារតែភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ គួរំលឹកថា បំណាក់ដីស្រដៀងគ្នាបានកើតឡើងនៅទីតាំងនេះកាលពីចុងខែមករា បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបណ្តាលឲ្យមនុស្សជាង ២០០នាក់ស្លាប់។ នៅពេលនោះ អាជ្ញាធរកុងហ្គោបានស្តីបន្ទោសឧប្បត្តិហេតុនេះទៅលើក្រុមឧទ្ទាម និងបាននិយាយថា ពួកគេកំពុងអនុញ្ញាតឱ្យមានការជីកយករ៉ែខុសច្បាប់ដោយគ្មានស្តង់ដារសុវត្ថិភាពគ្រប់គ្រាន់។