នៅថ្ងៃព្រហស្បតិ៍ (៥ មីនា) នេះ ប្រទេសចិន បានប្តេជ្ញាបង្កើនការវិនិយោគឱ្យកាន់តែស៊ីជម្រៅនៅក្នុងឧស្សាហកម្មបច្ចេកវិទ្យាកម្រិតខ្ពស់ និងនវានុវត្តន៍វិទ្យាសាស្ត្រ ដោយចាត់ទុកវិស័យទាំងនេះថាជាកត្តាចាំបាច់ដើម្បីពង្រឹងសន្តិសុខ និងការពឹងផ្អែកលើខ្លួនឯង ស្របពេលមានភាពតានតឹងភូមិសាស្ត្រនយោបាយ និងការប្រកួតប្រជែងកាន់តែខ្លាំងឡើងជាមួយសហរដ្ឋអាមេរិក។

ក្នុងពិធីបើកសម័យប្រជុំសភាប្រចាំឆ្នាំ លោកនាយករដ្ឋមន្ត្រី Li Qiang បានលើកសរសើរចំពោះសមត្ថភាពរបស់ចិន ក្នុងការទប់ទល់នឹងការដំឡើងពន្ធរបស់ប្រធានាធិបតីអាមេរិក Donald Trump ប៉ុន្តែលោកបាននិយាយថា «ពហុភាគីនិយម និងពាណិជ្ជកម្មសេរី កំពុងស្ថិតក្រោមការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ» ហើយលោកបានប្រកាសបង្កើនកញ្ចប់ថវិកាការពារជាតិ ក៏ដូចជាការស្រាវជ្រាវ និងការអភិវឌ្ឍ ក្នុងកម្រិត ៧%។
ទីក្រុងប៉េកាំង បានកំណត់គោលដៅកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២៦ ក្នុងរង្វង់ពី ៤,៥% ទៅ ៥% ដែលជាការថយចុះបន្តិចបន្តួចធៀបនឹងអត្រា ៥% ដែលសម្រេចបានកាលពីឆ្នាំមុន។ ផែនការប្រាំឆ្នាំដែលបើកបង្ហាញនៅក្នុងកិច្ចប្រជុំសភានេះ មានគោលបំណងបង្កើនតម្លៃបន្ថែមនៃ «ឧស្សាហកម្មសេដ្ឋកិច្ចឌីជីថលស្នូល» ឱ្យដល់ ១២,៥% នៃផលិតផលក្នុងស្រុកសរុប (GDP)។ រដ្ឋាភិបាលចិន ក៏នឹងដាក់ចេញនូវគោលនយោបាយសម្រាប់ទីផ្សារទិន្នន័យជាតិរួមបញ្ចូលគ្នា និងបង្កើតប្រព័ន្ធសម្រាប់បង្ការហានិភ័យសន្តិសុខនៃបញ្ញាសិប្បនិម្មិត (AI) ផងដែរ។
ការប្តេជ្ញាចិត្តក្នុងការបង្កើនការចំណាយលើការស្រាវជ្រាវ និងការអភិវឌ្ឍ គឺស្មើនឹងកំណើន ៤០% ក្នុងអំឡុងពេលនៃផែនការប្រាំឆ្នាំ។ បេសកកម្មផ្តល់មូលនិធិនេះ ត្រូវបានរៀបចំឡើងដើម្បីអភិវឌ្ឍនូវអ្វីដែលលោកប្រធានាធិបតី Xi Jinping បានឱ្យឈ្មោះថាជា «កម្លាំងផលិតកម្មថ្មី» នៅក្នុងវិស័យដូចជា AI និងបន្ទះឈីប ក៏ដូចជាដើម្បីការពារប្រទេសចិន ពីការរឹតបន្តឹងលើការនាំចេញរបស់សហរដ្ឋអាមេរិក៕

