ប្រភពចារកម្ម និងអ្នកវិភាគយោធាបានលើកឡើងថា ការវាយប្រហារដោយដ្រូនរបស់អ៊ីរ៉ង់ អាចនឹងបង្កការរំខានដល់ច្រកសមុទ្រ Hormuz រយៈពេលរាប់ខែ ប៉ុន្តែអ្វីដែលមិនសូវច្បាស់នោះគឺថា តើសាធារណរដ្ឋអ៊ិស្លាមមួយនេះ អាចបន្តការបាញ់ស្រោចមីស៊ីលរបស់ខ្លួនបានយូរប៉ុនណា។

ចាប់តាំងពីអាមេរិក និងអ៊ីស្រាអែល បានព្រួតគ្នាវាយប្រហារលើអ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុនមក អ៊ីរ៉ង់បានបាញ់មីស៊ីលរាប់រយគ្រាប់ និងដ្រូនជាង ១.០០០ គ្រឿង សំដៅលើបណ្តារដ្ឋក្នុងតំបន់ឈូងសមុទ្រដែលជាសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោន។ យុទ្ធោបករណ៍ទាំងនោះ ភាគច្រើនត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធការពារអាកាស ប៉ុន្តែអគារស្នាក់នៅ និងអគារពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងមូលដ្ឋានយោធាអាមេរិកមួយចំនួន បានរងការខូចខាត។

យោងតាមមជ្ឈមណ្ឌលសម្រាប់ភាពធន់នៃព័ត៌មាន (CIR) ដែលជាក្រុមស្រាវជ្រាវអង់គ្លេសមួយ បានឱ្យដឹងថា អ៊ីរ៉ង់គឺជាអ្នកផលិតដ្រូនដ៏ធំមួយ ហើយសមត្ថភាពឧស្សាហកម្មរបស់ខ្លួន អាចផលិតបានប្រហែល ១០.០០០ គ្រឿងក្នុងមួយខែ។ ចំណែកឯចំនួនគ្រាប់មីស៊ីលក្នុងស្តុកវិញ គឺមិនត្រូវបានគេដឹងច្បាស់នោះទេ ប៉ុន្តែការប៉ាន់ស្មានរបស់យោធាអ៊ីស្រាអែល ថាអ៊ីរ៉ង់មានចន្លោះចាប់ពី ២.៥០០ គ្រាប់ និងយោងតាមអ្នកវិភាគផ្សេងទៀត ថាមានរហូតដល់ប្រហែល ៦.០០០ គ្រាប់។

គោលដៅចម្បងមួយរបស់អ៊ីរ៉ង់គឺជាការបិទច្រកសមុទ្រ Hormuz ដែលជាចំណុចយុទ្ធសាស្ត្រដ៏តូចចង្អៀតនៅចន្លោះអ៊ីរ៉ង់ និងអូម៉ង់ ដែលជាកន្លែងឆ្លងកាត់នៃប្រេងឆៅ និងឧស្ម័នធម្មជាតិរាវ (LNG) ចំនួន ១ ភាគ ៥ របស់ពិភពលោក។ ការដឹកជញ្ជូនតាមសរសៃឈាមថាមពលដ៏សំខាន់មួយនេះ បានជាប់គាំងស្ទើរតែទាំងស្រុង បន្ទាប់ពីការវាយប្រហាររបស់អ៊ីរ៉ង់ លើនាវាចំនួន ៦ គ្រឿង។ តម្លៃថាមពលបានហក់ឡើងខ្ពស់ ដោយប្រេងឆៅប្រភេទ Brent កើនឡើង ១២% និងតម្លៃឧស្ម័នធម្មជាតិគោលនៅអឺរ៉ុប បានកើនឡើងប្រហែល ៥០% ទៅហើយ គិតត្រឹមសប្តាហ៍នេះ៕