នាយករដ្ឋមន្ត្រីលីបង់ លោក Nawaf Salam បានសន្យាកាលថ្ងៃពុធ ទី៤ ខែមីនា ថា នឹងធានាដល់ការវិលត្រឡប់មកវិញរបស់ប្រជាជនដែលភៀសខ្លួនទៅកាន់លំនៅឋានរបស់ពួកគេវិញ និងការពារប្រទេស «ដើម្បីកុំឱ្យប្រទេសនេះក្លាយជាសង្វៀនសម្រាប់ជម្លោះ និងវិវាទនានាក្នុងតំបន់»។

មនុស្ស២០នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសលីបង់កាលពីថ្ងៃពុធ នេះបើយោងតាមរដ្ឋមន្ត្រីសង្គមកិច្ចលីបង់ លោក Haneen Sayed។
ប្រទេសលីបង់ បានលេចចេញជាការគំរាមមួយនៅក្នុងសង្គ្រាមដែលបានហ៊ុមព័ទ្ធតំបន់នេះចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានវាយប្រហារលើអ៊ីរ៉ង់។

ក្រុមហេសបូឡា បានបង្ហោះយានដ្រូន និងបាញ់រ៉ុក្កែតទៅលើអ៊ីស្រាអែលកាលពីថ្ងៃចន្ទ ទី២ ខែមីនា ដែលជំរុញឱ្យមានការសងសឹករបស់អ៊ីស្រាអែល សម្លាប់មនុស្សរាប់សិបនាក់។
កងទ័ពលីបង់ បាននិយាយថា ខ្លួនបានដាក់ពង្រាយកងទ័ពឡើងវិញពីទីតាំងព្រំដែនមួយចំនួន ដោយសារតែការឈ្លានពានរបស់អ៊ីស្រាអែលចូលទៅភាគខាងត្បូងប្រទេសលីបង់។
អ៊ីស្រាអែល បានរក្សាកងទ័ពនៅទីតាំងជាច្រើនកន្លែងក្នុងទឹកដីប្រទេសលីបង់ចាប់តាំងពីសង្គ្រាមឆ្នាំ២០២៤ ប្រឆាំងក្រុមហេសបូឡា។