ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប ( EU-ASEAN Business Council-EU-ABC) បានជួបពិភាក្សាគ្នាផ្តោតលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា និងសហភាពអឺរ៉ុប ការប្រកួតប្រជែងពាណិជ្ជកម្ម ឱកាសវិនិយោគ នៅថ្ងៃទី៥ ខែមីនាឆ្នាំ២០២៦នេះ នៅរាជធានីភ្នំពេញ។ ក្នុងជំនួបនេះក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប បង្ហាញចំណាប់អារម្មណ៍ចង់បោះទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានដឹកនាំកិច្ចប្រជុំជួបពិភាក្សាជាមួយ គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប (EU-ABC) ផ្តោតលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា និងសហភាពអឺរ៉ុប ការប្រកួតប្រជែងពាណិជ្ជកម្ម ឱកាសវិនិយោគ និងប្រធានបទជាក់លាក់ផ្សេងៗទៀតតាមវិស័យ។
ឯកឧត្តម ស៊ុន ចាន់ថុល បានប្រាប់ BTV ក្រោយពីចប់កិច្ចប្រជុំនេះថា គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប បានបង្ហាញចំណាប់អារម្មណ៍ចង់បោះទុនវិនិយោគបន្ថែមនៅប្រទេសកម្ពុជាចំពោះក្រុមហ៊ុនអឺរ៉ុបដែលមានមូលដ្ឋានស្រាប់នៅក្នុងប្រទេសកម្ពុជា ហើយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ក្រុមហ៊ុនថី្មៗរបស់សហគមអឺរ៉ុបដែលមិនទាន់មានវត្តមាននៅកម្ពុជា ឱ្យមកបោះទុនវិនិយោគ ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋមូលដ្ឋាន។
លោក Noel Clehane អនុប្រធាន EU-ABC ដែលដឹកនាំគណៈប្រតិភូ បានលើកឡើងក្នុងកិច្ចប្រជុំនេះថា អាជីវកម្មអឺរ៉ុបជឿជាក់រួចហើយលើភាពទាក់ទាញរបស់ប្រទេសកម្ពុជាសម្រាប់ពាណិជ្ជកម្ម និងវិនិយោគ។ លោក Clehane មានការសាទរយ៉ាងខ្លាំងពីមន្ត្រីរដ្ឋាភិបាលក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជនអឺរ៉ុប ហើយយើងក៏ចង់វិនិយោគលើអនាគតរបស់ប្រទេសកម្ពុជាផងដែរ។
លោកលើកឡើងថា ប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប មានសុទិដ្ឋិនិយមយ៉ាងខ្លាំងចំពោះទស្សនវិស័យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ កម្ពុជា អាចជាទីផ្សារតូចមួយនៅក្នុងអាស៊ាន ប៉ុន្តែមានភាពស្វាហាប់មិនគួរឱ្យជឿជាមួយនឹងកម្លាំងពលកម្មវ័យក្មេង និងឱកាសដ៏សំខាន់សម្រាប់ការរីកចម្រើន។
សូមបញ្ជាក់ថា កិច្ចប្រជុំនេះគឺជាផ្នែកមួយនៃបេសកកម្មពាណិជ្ជកម្មរយៈពេលពីរថ្ងៃរបស់ គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប (EU-ABC)មកកាន់ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែមីនា ដែលដឹកនាំដោយលោក Noel Clehane អនុប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប (EU-ABC Vice-Chair Noel Clehane)។ ជាមួយគ្នានេះក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប គឺជាសំឡេងចម្បងសម្រាប់អាជីវកម្មអឺរ៉ុបនៅក្នុងតំបន់អាស៊ាន៕ អត្ថបទ៖ ធូ វិរៈ





