អ្នកគាំទ្រក្លិបបាល់ទាត់ទួកគី Galatasaray ត្រូវបានហាមមិនចូលរូមទស្សនាការប្រកួតជើងទីពីរវគ្គ ១៦ ក្រុមចុងក្រោយ UEFA Champions League នៅពេលធ្វើដំណើរទៅទឹកដីហង្សក្រហម Liverpool។
សម្រេចបានបែបនេះធ្វើឡើង បន្ទាប់ពីអ្នកគាំទ្រ Galatasaray បានបង្កភាពចលាចលអំឡុងការប្រកួតទល់នឹង Juventus កាលពីខែមុនក្នុងការប្រកួតវគ្គ Play-Off។
UEFA បានឱ្យដឹងថា អ្នកគាំទ្រក្លិបទួកគីមួយនេះបានបោះវត្ថុរឹង និងកាំជ្រួចចូលក្នុងទីលានអំឡុងការប្រកួតជើងទីពីរនៅទឹកដី Juventus កាលពីថ្ងៃទី ២៥ ខែកុម្ភៈកន្លងទៅ។
ទោះបីជាពួកគេចាញ់នៅទឹកដីអ៊ីតាលី ៣-២ តែ Galatasaray បានឈានឡើងវគ្គបន្តដោយលទ្ធផលសរុបទាំងពីរជើង ៧-៥។
Galatasaray នឹងត្រូវទទួល Liverpool ជើងទីមួយនៅទីក្រុង Istanbul ថ្ងៃអង្គារសប្តាហ៍ក្រោយនេះជើងទីមួយ ខណៈជើងទីពីរត្រលប់ទៅទឹកដី Anfield វិញថ្ងៃទី ១៨ ខែមិនានេះ។
យ៉ាងណាក្តី UEFA បានសម្រេចហាមមិនក្លិបកំពុងនាំមុខគេលីគទួកគីមួយនេះលក់សំបុត្រក្រៅដីទៅកាន់កីឡដ្ឋាន Anfield ឡើយ បូករួមទាំងផាកពិន័យជាទឹកប្រាក់ ៤ ម៉ឺនអឺរ៉ូផងដែរ។
ជុំវិញការពិន័យនេះ Galatasaray ថានឹងធ្វើការប្តឹងតវ៉ាផងដែរ៕ អត្ថបទ៖នាង សុភាវុធ




