កណ្ដាល៖ នៅថ្ងៃទី២៤ ខែមីនានេះ គឺថ្ងៃទី២ ដែលក្រុមពេទ្យនៅខេត្តកណ្តាល បាននឹងកំពុងបើកដំណើរការចាក់វ៉ាក់សាំងការពារកូវីដ១៩ ដូសទី២ ជូនកុមារអាយុ៣ឆ្នាំទៅក្រោម៥ឆ្នាំ។
សម្រាប់ការចាក់វ៉ាក់សាំងដូសទី២នេះ សង្កេតឃើញថា នៅតាមមន្ទីរពេទ្យបង្អែក និងតាមមណ្ឌលសុខភាពនានា នៅខេត្តកណ្តាល មានពលរដ្ឋនាំកូនក្មួយទៅចាក់វ៉ាក់សាំងជាហូរហែរ តែហាក់មិនសូវមានភាពមមាញឹក ដូចការចាក់ដូសទី១នោះទេ។
លោក ប្រាក់ វិរក្ស ប្រធានមណ្ឌលសុខភាពស្វាយរលំ បានថ្លែងថា នៅក្នុងដំណើរការចាក់វ៉ាក់សាំងដូសទី២ ជូនក្មេងអាយុ៣ឆ្នាំទៅអាយុក្រោម៥ឆ្នំានេះ អាណាព្យាបាលហាក់មានភាពយឺតយ៉ាវក្នុងការនាំកូនតូចមកចាក់វ៉ាក់សាំង ដោយសារខ្លះអាចជាប់រវល់ការងារ និងខ្លះទៀតអាចភ្លេចដែលបញ្ហានេះ លោក ក៏សូមអំពាវនាវឲ្យគ្រប់អាណាព្យាបាលដែលបាននាំកូនមកចាក់វ៉ាក់សាំងដូសទី១ បានគ្រប់ចំនួនពី ២៨ថ្ងៃទៅ៣០ថ្ងៃ ត្រូវនាំកូនតូចនោះមកចាក់ដូសទី ២ទៀត។
ពលរដ្ឋដែលនាំកូនទៅចាក់វ៉ាក់សាំងនៅមណ្ឌលសុខភាពនៅថ្ងៃនេះ បានថ្លែងថា ការនាំកូនមកចាក់វ៉ាក់សាំងកូវីដដូសទី២ គឺដូសសំខាន់ ដែលត្រូវតែចាក់ដើម្បីពង្រឹងភាពស៊ាំការពារមេរោគកូវីដ១៩ ជាពិសេសមេរោគអូមីក្រុងដែលកំពុងរាតត្បាតនិងមានឆ្លងលឿននៅក្នុងសហគមន៍ ហើយក្រោយការចាក់វ៉ាក់សំាងនេះ យើងក៏ត្រូវបន្តប្រុងប្រយ័ត្ន អនាម័យការពារខ្លួនដោយត្រូវអនុវត្តវិធាន៣កុំ ៣ការពារ ដើម្បីការពារមេរោគកូវីដផង និងមេរោគឆ្លងនានាទៀត។
សូមបញ្ជាក់ថា នៅទូទាំងខេត្តកណ្តាល មានកុមារអាយុចាប់ពី៣ឆ្នាំ ដល់អាយុក្រោម៥ឆ្នាំ ត្រូវចាក់វ៉ាក់សំាងការពារកូវីដ១៩នេះ មានប្រមាណ៤ម៉ឺន៤ពាន់នាក់ រហូតដល់ថ្ងៃនេះ ការចាក់ដូសទី១ បានចលើសពីកម្រិត១០០% ។
បើតាមប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល បច្ចុប្បន្ននៅតាមបណ្តាមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពឃុំសង្កាត់ទូទាំងខេត្តកណ្តាលជា ១០០កន្លែង គឺបានបើកដំណើរការការចាក់ជូនក្មេងៗ និងពលរដ្ឋទូទៅចាប់ពីដូសទី១ រហូតដល់ដូសទី៤ជាធម្មតា៕ អត្ថបទ ស៊ុម សុខជា