របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ បានឱ្យដឹងថា ក្រុមមន្ត្រីជាន់ខ្ពស់របស់អ៊ីរ៉ង់ កំពុងផ្ញើសាររួមគ្នាទៅកាន់បណ្តាប្រទេសអារ៉ាប់ ដែលស្ថិតនៅជុំវិញឈូងសមុទ្រពែក្ស ដើម្បីរម្ងាប់កង្វល់របស់ពួកគេ ខណៈភាពតានតឹងកំពុងកើនឡើងពាសពេញតំបន់មជ្ឈិមបូព៌ា ដោយបានបញ្ជាក់យ៉ាងមុតមាំថា សកម្មភាពយោធារបស់ទីក្រុងតេអេរ៉ង់ គឺសំដៅទៅលើសហរដ្ឋអាមេរិក និងអ៊ីស្រាអែល តែប៉ុណ្ណោះ មិនមែនកំណត់គោលដៅលើបណ្តាប្រទេសជិតខាងនោះឡើយ។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានពិភាក្សាជាមួយសមភាគីក្នុងតំបន់ រួមទាំងកិច្ចសន្ទនាតាមទូរសព្ទជាមួយនាយករដ្ឋមន្ត្រីកាតាផងដែរ ដែលក្នុងនោះលោកបានលើកឡើងថា ការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ គឺមានគោលដៅលើផលប្រយោជន៍របស់អាមេរិក ហើយមិនបានកំណត់គោលដៅលើប្រទេសកាតានោះទេ។

ទន្ទឹមនឹងនោះ ឥស្សរជននយោបាយកំពូលៗរបស់អ៊ីរ៉ង់ ក៏ផ្ញើសារស្រដៀងគ្នានេះជាសាធារណៈផងដែរ។ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានលើកឡើងក្នុងសារបង្ហោះមួយផ្ញើជូន «បណ្តាប្រទេសជាមិត្ត និងប្រទេសជិតខាង» ថា អ៊ីរ៉ង់ព្យាយាមជៀសវាងសង្គ្រាមតាមរយៈមធ្យោបាយការទូត ប៉ុន្តែការវាយប្រហារយោធារបស់អាមេរិក និងអ៊ីស្រាអែល ធ្វើឱ្យទីក្រុងតេអេរ៉ង់ «គ្មានជម្រើសអ្វីក្រៅតែការពារខ្លួននោះឡើយ» ដោយលោកបន្ថែមថា អ៊ីរ៉ង់គោរពអធិបតេយ្យភាពនៃបណ្តារដ្ឋក្នុងតំបន់ជានិច្ច។
ប្រធានសភាអ៊ីរ៉ង់ លោក Mohammad-Bagher Ghalibaf ក៏បានព្យាយាមរម្ងាប់កង្វល់របស់ប្រទេសជិតខាងផងដែរ ដោយបាននិយាយថា សមត្ថភាពមីស៊ីល និងដ្រូនរបស់អ៊ីរ៉ង់ ត្រូវបានប្រើប្រាស់សម្រាប់តែ «ការការពារស្របច្បាប់» ប្រឆាំងនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលប៉ុណ្ណោះ ហើយលោកក៏បានបង្ហាញក្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិការក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់នឹងបន្តឡើងវិញ នៅពេលដែលជម្លោះបានបញ្ចប់៕

