យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា មេដឹកនាំប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានពិនិត្យការសាកល្បងបាញ់ «មីស៊ីលស៊ីបគោលដៅយុទ្ធសាស្ត្រ» ចេញពីនាវាពិឃាតថ្មីរបស់កងទ័ពជើងទឹកទម្ងន់ ៥.០០០ តោន មុនពេលដាក់ឲ្យដំណើរការនាវាជាផ្លូវការ។

លោកគីម បានពិនិត្យការបាញ់មីស៊ីលពីសមុទ្រទៅកាន់ផ្ទៃសមុទ្រពីនាវាពិឃាត Choe Hyon កាលពីថ្ងៃពុធ ដោយវាយតម្លៃពីការសាកល្បងនេះថាជាសមាសភាព «ស្នូល» នៃសមត្ថភាពនាវាចម្បាំងថ្មី ដែលលោកបានពណ៌នាថាជា «និមិត្តរូបថ្មីនៃការការពារដែនសមុទ្រ» សម្រាប់ប្រទេសលោក។

ដោយអំពាវនាវឱ្យមានការផលិតនាវាចម្បាំងបន្ថែមទៀតក្នុងកម្រិតស្រដៀងគ្នា ឬប្រសើរជាងនេះ លោក គីម បាននិយាយថា ការអនុវត្តអាវុធនុយក្លេអ៊ែររបស់កងទ័ពជើងទឹករបស់លោកកំពុងមានវឌ្ឍនភាព។
លោកគីម បាននិយាយថា «កងកម្លាំងកងទ័ពជើងទឹករបស់យើងសម្រាប់ការវាយប្រហារពីក្រោម និងលើទឹកនឹងរីកចម្រើនយ៉ាងឆាប់រហ័ស។
ការបំពាក់អាវុធនុយក្លេអ៊ែរដល់កងទ័ពជើងទឹកកំពុងមានវឌ្ឍនភាពគួរឱ្យពេញចិត្ត» នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) ផ្លូវការរបស់កូរ៉េខាងជើង។
ទីភ្នាក់ងារសារព័ត៌មាន Yonhap ផ្លូវការរបស់កូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងប្រើប្រាស់ការនិយាយយោងទៅលើអាវុធ «យុទ្ធសាស្ត្រ» ដើម្បីបង្ហាញថាពួកគេអាចមានសមត្ថភាពនុយក្លេអ៊ែរ។