ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃពុធ ទី៤ មីនា ថា ដៃគូរបស់អ៊ុយក្រែន រួមទាំងសហរដ្ឋអាមេរិក បានស្វែងរកជំនួយពីទីក្រុងគីវក្នុងការការពារប្រឆាំងយានដ្រូនរបស់អ៊ីរ៉ង់។

លោក Zelenskyy និងមន្ត្រីអ៊ុយក្រែនផ្សេងទៀត កាលពីពេលមុនបានលើកឡើងថា ទីក្រុងគីវអាចចែករំលែកជំនាញជាមួយប្រទេសនៅមជ្ឈិមបូព៌ា ប្រសិនបើពួកគេអាចជួយបញ្ចុះបញ្ចូលរុស្ស៊ីឱ្យគោរពបទឈប់បាញ់ក្នុងសង្គ្រាមរយៈពេលបួនឆ្នាំមកនេះ។

ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានវាយប្រហារលើអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ អ៊ីរ៉ង់បានបាញ់មីស៊ីលរាប់រយគ្រាប់ និងយានដ្រូនជាង ១.០០០គ្រឿងទៅកាន់រដ្ឋឈូងសមុទ្រដែលមានសម្ព័ន្ធភាពជាមួយទីក្រុងវ៉ាស៊ីនតោន។ មីស៊ីលនិងយានដ្រូនភាគច្រើន ត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធការពារដែនអាកាស ប៉ុន្តែអគារលំនៅឋាន និងទីតាំងអាជីវកម្មមួយចំនួន ហេដ្ឋារចនាសម្ព័ន្ធ និងមូលដ្ឋានយោធាអាមេរិក បានរងការបំផ្លាញ។