អ៊ុយក្រែន៖ ក្រុមអ្នកពន្លត់អគ្គិភ័យនៅក្នុងរដ្ឋធានីគីវកាលពីថ្ងៃពុធបាននិយាយថា ពួកគេបានកត់ត្រាចំនួនការហៅទូរស័ព្ទសុំជំនួយបន្ទាន់ច្រើនបំផុតចាប់តាំងពីសង្គ្រាមផ្ទុះឡើង ក្រោយការវាយប្រយុទ្ធគ្នាកាន់តែខ្លាំងក្លារវាងកងទ័ពរុស្ស៊ី និងអ៊ុយក្រែន។

អ្នកនាំពាក្យផ្ដល់សេវាពន្លត់អគ្គិភ័យលោកស្រី Svitlana Vologda ពុំបានបញ្ជាក់ទេថា តើមានអគ្គិភ័យសរុបចំនួនប៉ុន្មានត្រូវបានរាយការណ៍ ប៉ុន្តែបាននិយាយថា យ៉ាងហោចណាស់មានអគ្គិភ័យចំនួន ៥លើកត្រូវបានកត់ត្រានៅក្នុងតំបន់ Nyvky ភាគខាងលិចរដ្ឋធានីគីវ។ ការទម្លាក់គ្រាប់បែក និងការបាញ់ផ្លោងនៅតែបន្តស្រោចលើរដ្ឋធានីមួយនេះកាលពីព្រឹកថ្ងៃពុធ នាំឲ្យផ្សែងខ្មៅងងឹតគ្របដណ្ដប់លើផ្ទៃមេឃក្នុងតំបន់ជាយរដ្ឋធានីភាគខាងលិច។ គេក៏បានលឺសំឡេងការបាញ់ផ្លោងគ្រាប់កាំភ្លើងធំ និងការបាញ់រះកាលពីថ្ងៃពុធចេញពីភាគពាយ័ព្យផងដែរ ជាទីដែលរុស្ស៊ីបានព្យាយាមឡោមព័ទ្ធ និងវាយដណ្ដើមយកតំបន់ជាយរដ្ឋធានីមួយចំនួន៕
អត្ថបទ៖ សុខមាន