ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមីនានេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ (គជប) បានបើកសវនាលើបណ្តឹងរបស់គណបក្សភ្លើងទៀន ប្តឹងតវ៉ានឹងសេចក្តីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម ពាក់ព័ន្ធនឹងបញ្ជីបេក្ខជនរបស់ខ្លួន។
ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ (គជប) និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានបើកសវនាការជាសាធារណៈជំនុំជម្រះលើបណ្តឹងរបស់គណបក្សភ្លើងទៀន ប្តឹងតវ៉ានឹងសេចក្តីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម ពាក់ព័ន្ធពាក្យសុំចុះបញ្ជីបេក្ខជនរបស់ខ្លួន ដែលមានដើមបណ្តឹងឈ្មោះ វ៉ាត់ ធារិត។ ក្នុងដំណើរការសួរដេញដោលអស់រយៈពេលមួយព្រឹកនេះពីប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានផ្តោតទៅលើបេក្ខជនដែលបានចុះបញ្ជី ទាំងអត្ដសញ្ញាណផ្ទាល់ខ្លួន ចំណេះដឹង និងភាពជាម្ចាស់ដែលសម្រេចចិត្តចុះឈ្មោះជាបេក្ខជនចូលរួមការប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណ្ណត្តិទី៥ ឆ្នាំ២០២២។
យ៉ាងណាមិញ ក្នុងដំណើរការជំនុំជម្រះ មានបេក្ខរបស់គណបក្សភ្លើងទៀន មួយចំនួនបានអវត្តមានក្នុងសវនាការ ដោយសារហេតុផលបញ្ហាសុខភាព។
ទន្ទឹមគ្នានោះ ក្រោយពីការសាកសួរបានបញ្ចប់ ឯកឧត្តម ប្រាជ្ញ ចន្ទ បានប្រកាសថា សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាជំនុំជម្រះទៅលើបណ្តឹងគណបក្សភ្លើងទៀន នឹងប្រកាសនៅរសៀល ថ្ងៃទី២៤ ខែមីនានេះ។
កាលពីថ្មីៗនេះ គ.ជ.ប បានសម្រេចលុបបេក្ខជនឈរឈ្មោះបោះឆ្នោតនៃគណបក្សភ្លើងទៀន នៅសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង ពាក់ព័ន្ធករណីក្លែងឯកសារ ដែលឲ្យអ្នកផ្សេងបំពេញ និងចុះហត្ថលេខាជំនួស។
ការរៀចចំបញ្ជីចុះឈ្មោះបេក្ខជនរបស់គណបក្សនយោបាយធ្វើឡើង ដើម្បីឈានទៅរកការប្រកាសអំពីសុពលភាពរបស់បញ្ជីបេក្ខជនផ្លូវការ នាថ្ងៃទី២៤ ខែមេសា ខាងមុខ ខណៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងប្រព្រឹត្តទៅ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ៕ អត្ថបទ សេក ឧត្តម